ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺននាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បានដើរតួនាទីតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ នេះបេីយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ស្រ្តីក្នុងវិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យការងារកាត់ដេរនៅកម្ពុជា ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ១,៥៣៩ រោងចក្រ សហគ្រាស ក្នុងនោះស្រីមានចំនួនជាង ៦៧ម៉ឺននាក់ ក្នុងចំនួនកម្មករនិយោជិតសរុបជាង ៨៩ម៉ឺននាក់។ តាមរយៈចំនួននេះ ស្រ្តីបានចូលរួមយ៉ាងខ្លាំង ក្នុងការជួយកម្លាំងពលកម្មក្នុងរោងចក្រផ្សេងៗ និងបានប្រមូលថវិកាជួយដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះ ស្រ្តីក៏ជាតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។
បេីតាមការបញ្ជាក់ពីអ្នកស្រី នីម ថាវី មន្រ្តីចងក្រង នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ក្នុងនាមជាស្រ្តីមួយរូបនៅកម្ពុជាបានមើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ នារីទទួលបានអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលចូលរួមលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនារីឲ្យទទួលបានឋានៈ តួនាទីនៅក្នុងការចូលរួមបម្រើនៅគ្រប់ៗថ្នាក់។ អ្នកស្រីបានបន្តថា ចំពោះវិស័យកាត់ដេរ កម្មការិនីក៏ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងភាគីនិយោជក ដែលតែងតែផ្តល់ឱកាសការងារ និងការឡើងតំណែងជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬការបែងចែកជាភេទ។
ក្រុមកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ក្រៅពីការងារកាត់ដេរ ស្រ្តីគ្រប់រូបគឺអាចប្រកបមុខរបរផ្សេងៗបានដូចគ្នា ដូច្នេះត្រូវហ៊ានសម្រេចចិត្តជ្រើសរើសកិច្ចការខ្លួនឯងផ្ទាល់ និងជួយដល់សង្គម មិនដូចជាពាក្យពីមុនលើកឡើងថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៀតនោះទេ ពីព្រោះស្រ្តីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គមស្មើនឹងបុរសដែរ។
សូមជម្រាបជូនថា ថ្ងៃទី៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព៕ដោយ៖តារា