ភ្នំពេញ៖ តារាចម្រៀង អ្នកនាង ខាត់ សុឃីម និងតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់អ្នកសិល្បៈ ព្រោះតែអ្នកទាំងពីរបានប្រកាសព្រមគ្នា ក្នុងការធ្វើជាដន្លងផ្សាសាច់ផ្សាឈាមនឹងគ្នា ។ ខាត់ សុឃីមថា ប្រសិនបើអាចនឹងរៀបចំពីមួយភ្ជាប់ពាក្យ ភ្ជាប់សម្តីជាមួយចាស់ទុំសិន ទម្រាំដល់កូនៗពេញរូបពេញរាង ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខភ្ញៀវជិតមួយពាន់នាក់ ក្នុងពិធីមង្គលការរបស់ប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា កាលរាត្រីថ្ងៃទី១៤ កក្កដា ។
កូនប្រុសអ្នកនាង ខាត់ សុឃីម ត្រូវបានគេដឹងថា ឈ្មោះ បញ្ញា ស្កាយស័ក្កិ អាយុ១១ឆ្នាំ ខណៈដែលកូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា មានវ័យទើប១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងពីរត្រូវបានគេដឹងថា សុទ្ធតែមានឈាមជ័រពីអ្នកសិល្បៈទាំងឪពុក និងម្តាយដូចគ្នា ។
ការប្រកាសធ្វើដន្លងនឹងគ្នានេះ ត្រូវបានអ្នកចូលរួមកម្មវិធីមង្គលការយល់ថា គឺជារឿងនិយាយលេងសើចនៅលើឆាកប៉ុណ្ណោះ ប៉ុន្តែតាមការបញ្ជាក់របស់ចាស់ទុំទាំងសងខាង ពិតជាមានបំណងឲ្យកូនៗពួកគេរៀបការជាមួយគ្នានៅពេលដែលពួកគេ ធំពេញវ័យមែន ។
អ្នកនាងខាត់ សុឃីម បញ្ជាក់ថា ការលើកឡើងនោះ គឺជារឿងពិត មិនមែនជាការលេងសើចទេ ព្រោះនេះគឺជាកិត្តិយសរបស់កូនៗ ពិសេសភាគីខាងកូនស្រី ។ អ្នកនាងសុឃីម បាននិយាយបែបកំប្លែងថា បញ្ញាស្កាយ កូនប្រុសរបស់អ្នកនាង ក៏មិនអន់ដែរមើលទៅ ថ្ងៃក្រោយ ពិតជាខ្ពស់សង្ហារមិនចាញ់តួកុនទេ ស្កាយកូននាង កំពុងតាមចែចង់កូនស្រី ចន ច័ន្ទលក្ខិណា ហើយប្រាប់ឲ្យដឹងខាងស្រីពិចារណាទៅ ។
នាងបញ្ជាក់ថា នាងមានបំណងសួរនាំខាងស្រីយូរមក ហើយ ប៉ុន្តែដោយការមមាញឹកនឹងការងារសិល្បៈរៀងៗខ្លួន ទើបចេះតែពន្យារពេល ។ ទើបតែពេលនេះ នាងមានឱកាស ហើយចង់ប្រកាសជូនដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានមកចូលរួមពិធីមង្គលការនេះជួយដឹងឮផង ព្រោះមានទាំងអ្នកសិល្បៈទាំងផងជួយដឹងទាំងអស់គ្នា ។
ខាត់ សុឃីម ថានាងចង់ចូលស្តីដណ្តឹងកូនស្រីអ្នកនាង ចន ច័ន្ទ គឺក្មួយស្រី ជូលី ឲ្យទៅកូនប្រុសរបស់នាង គឺ បញ្ញាស្កាយ ដែលជាកូនប្រុសបណ្តូលចិត្តរបស់នាងម្នាក់ដែរ ។ សំខាន់នាង បានបញ្ជាក់ពាក្យពិតចេញពីចិត្តប្រកាសជូនជាផ្លូវការរួចហើយថា នាងពិតជាពេញចិត្តកូនស្រីរបស់ចន ច័ន្ទលក្ខិណា ណាស់ស្រឡាញ់យូរហើយ ហើយបើសិនជាអាចនឹងចង់មានការភ្ជាប់ពាក្យភ្ជាប់សម្តី ប្រសិនបើភាគីខាងស្រីបើកភ្លើងខៀវនោះ។
អ្នកនាងចន ច័ន្ទលក្ខិណា វិញលើកឡើងថា ដោយសារតែស្គាល់ និងរាប់អានគ្នាជិតដិតជិត២០ឆ្នាំជាមួយនឹងគ្រួសារ ខាត់ សុឃីម ទើបនាងមិនជំទាស់នឹងបំណឹងនេះ ហើយក៏ស្វាគមន៍ ព្រោះគ្រួសារទាំងពីរ សុទ្ធតែជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែនាងបើយោងទៅលើភាពវែងឆ្ងាយរបស់កូន ហើយម្យ៉ាងវិញទៀត គឺពួកគេនៅក្មេងសេចក្តី ចង់ឲ្យមានការរៀនសូត្រចេះដឹងមានផែនការជីវិតល្អសិន ។
នាងបញ្ជាក់ថា ការលើកដាក់ក្តីស្រឡាញ់នេះ ក៏អាចលើឧបនិស្ស័យរបស់សាមីខ្លួនសងខាងដែរ បើសិនជាគូគាប់ ពួកគេអាចនឹងបានជួបគ្នា ដោយនេះជាការប្រាថ្នារបស់ក្រុមគ្រួសារខាត់ សុឃីម តែប៉ុណ្ណោះ ។
នាងថា នៅថ្ងៃអនាគត ប្រសិនបើកូនស្រីនាងពេញចិត្ត គឺនាងក៏ពេញចិត្ត និងបើកផ្លូវសម្រាប់ពួកគេដែរ ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ គឺការសិក្សារៀនសូត្ររបស់កូនៗសិន ៕
ដោយ៖ វឌ្ឍនា