ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថលលើកទី ១ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤នេះ បានថ្លែងជំរុញឱ្យក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ គិតគូរអំពីការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ឱ្យបានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគិតគូរទៅលើការឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សម្ដេចធិបតី បានណែនាំឱ្យ «វេទិការដ្ឋាភិបាល ឌីជីថលលើកទី ១ ឆ្នាំ ២០២៤» នេះ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចគន្លឹះមួយចំនួន។ ក្នុងនោះ រួមមានការឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែលម្យ៉ាងនាំឱ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព។
ប៉ុន្តែម្យ៉ាងទៀត នាំឱ្យមានការកំណើននៃរំហូរទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសាយប៊ើរ ជាដើម។
គួររម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៣ ខែមករាកន្លងទៅថ្មីៗនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន ក៏បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលអាចបង្កើតនូវព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មិនមែនអាក្រក់ទាំងអស់នោះទេ ដោយបច្ចេកវិទ្យានេះ នឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ៕
ដោយ៖តារា