អ្នកនាំពាក្យក្រសួងសាធារណការ ៖ ចង់ដឹងទេ តើវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)ដំណើរការដល់ណាហើយ?

ចែករំលែក៖

ខេត្តកោះកុង៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។
លោក សូរ វ៉ិចទ័រ បញ្ជាក់ថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ៦ខែ សម្រាប់ការងារ។
បញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។
ចំពោះការត្រួតពិនិត្យគុណភាព យើងមានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ។ ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជាៈ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear ។ រាល់ការពិនិត្យរបស់យើងគឺមានលក្ខណៈហ្មត់ចត់ និងលទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការតែមមារញឹកនារដូវប្រាំងនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print