ចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៨នាក់ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលឃាត់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូមិនបានសម្រេច) ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ក្នុងនោះឈ្មោះ ស្រេង ផែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅសព្វថ្ងៃភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួសធ្ងន់គឺមុតរយះសាច់ដុំដៃខាងឆ្វេងចំនួន០១កន្លែង, របួសលើចង្កេះផ្នែកខាងក្រោយចំហៀងខាងស្តាំចំនួន០១កន្លែង, របួសចំគល់ស្មាខាងឆ្វេងចំនួន០១កន្លែង, របួសស្មាខាងស្តាំចំនួន០១កន្លែង។ ចំណែកជនសង្ស័យចំនួន ០៨នាក់៖
១.ឈ្មោះ សៀង ម៉េងលី ហៅម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅសព្វថ្ងៃភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
លទ្ធផលតេស្តស្វែងរកសារធាតុញៀន អវិជ្ជមាន ។
២.ឈ្មោះ អៀង ហុងឡេង ហៅឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅសព្វថ្ងៃភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម រីឯជនសង្ស័យ៦នាក់ទៀតរត់គេចខ្លួន ។ ដោយឡែក វត្ថុតាងចាប់យក ១.ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1AC-3617 ចំនួន០១ គ្រឿង ។ ២.កាំបិតប៉័ងតោ ចំនួន០២ដើម ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០០នាទី ក្រុមជនសង្ស័យទាំង០៨នាក់ខាងលើ ជិះម៉ូតូចំនួន ០៤គ្រឿង  ចេញពីផឹកស៊ីនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមកជួបជុំគ្នានៅរង្វង់មូលថ្នល់កែង ពេលមកដល់ជនសង្ស័យឈ្មោះ សៀង ម៉េងលី ហៅម៉េង បានប្រើបក្ខពួករបស់ខ្លួនឱ្យទៅយកដាវនិងកាំបិតប៉័ងតោ ដោយប្រាប់ថាទៅធ្វើសកម្មភាពកាប់ក្រុមក្មេងនៅរកាកោង ពេលនោះជនសង្ស័យឈ្មោះ អៀង ហុងឡេង បានទៅយកកាំបិតប័ុងតោចំនួន០២នៅផ្ទះរបស់ខ្លួន និងជនសង្ស័យម្នាក់ទៀតទៅយកដាវចំនួន០១ដើម និងកាំបិតប័ុងតោចំនួន០១។ បន្ទាប់មកក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចេញដោយមធ្យោបាយម៉ូតូចំនួន ០៤គ្រឿង។ ពេលជិះមកដល់ចំណុចមុខខារ៉ាអូខេចំប៉ាមាស ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ក្រុមជនសង្ស័យបានឈប់ម៉ូតូទិញបារីដើម្បីរកមើលក្រុមក្មេងរកាកោង តែអត់ឃើញ  ក្រុមជនសង្ស័យក៏ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រឡប់មកចាំនៅកន្លែងស្ងាត់ទល់មុខឆៀងខាងជើងផ្ទះសំណាក់ផ្កាយមាសដោយឈប់ម៉ូតូនៅលើផ្លូវជាតិ។ លុះដល់វេលាម៉ោង២៣:០០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅសេ៊រីឆ្នាំ2022 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IZ-4257 និងមិត្តភក្កិម្នាក់ទៀតឈ្មោះជឿន ម៉េងហ៊ាង ជិះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C125 ពណ៌ក្រហម សេ៊រីឆ្នាំ2012 ពាក់ស្លាកលេខ កំពង់ចាម1I-4477 ចេញពីផ្ទះនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  គោលបំណងទៅកន្លែងធ្វើការនៅរាជធានីភ្នំពេញ។ ពេលធ្វើដំណើរមកជិតដល់ចំណុចផ្លូវបំបែកចូលឃុំរកាកោង ក៏ជូបក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាមជនរងគ្រោះដោយបិតភ្លើងម៉ូតូរហូតដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ ស្រេង ផែន ត្រូវចំចង្កេះខាងក្រោយ តែជនរងគ្រោះអត់ដួលម៉ូតូក៏បន្ថែមល្បឿនម៉ូតូជិះរត់ ហើយក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះត្រូវជាច្រើនកាំបិតបន្តទៀត តែជនរងគ្រោះប្រឹងជិះម៉ូតូរត់ រហូតមកដល់ខាងត្បូងស្ពានព្រែកតាមាក់ ទល់មុខដេប៉ូប្រេងឥន្ធនៈសាវីមិច ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ជនរងគ្រោះក៏បានដួលម៉ូតូ ហើយជនរងគ្រោះក៏ដកសោម៉ូតូរត់ចូលក្នុងដេប៉ូប្រេងឥន្ធនៈពួនលាក់ខ្លួននៅទីនោះ ចំណែកមិត្តភក្កិរបស់ជនរងគ្រោះឈ្មោះជឿន ម៉េងហ៊ាងបានជិះម៉ូតូរត់ទៅមុន ហើយក្រុមជនសង្ស័យបានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះតែជិះអត់កើត ក៏នាំគ្នាកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ និងយកផ្លាកលេខទៅបាត់។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូត្រឡប់ក្រោយគេចខ្លួនបាត់តែម្តង។បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ច ។ ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០២នាក់ខាងលើយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា÷ខ្លួននិងបក្សពួកចំនួន ០៦នាក់ទៀតពិតជាបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print