ខេត្តកណ្តាល៖ ជនសង្ស័យជាកូនប្រុសផឹកស៊ីជាមួយឪពុកបង្កើតពេលស្រវឹងមានទំនាស់ជាមួយប្រពន្ធទើបសម្រាលកូន រួចវាយប្រពន្ធ២ដៃ។ បន្ទាប់ពីបានឃើញដូច្នេះ បុរសជាឪពុករូបនោះបានចូលទៅឃាត់ ក៏ត្រូវជននោះប្រវាយប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុស ម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែក ។ ប៉ុន្តែជនសង្ស័យជាកូនប្រុសរូបនោះមិនព្រមស្ងប់ចិត្តទេ បានរត់ ទៅយកកាំបិតផ្គាក់កាប់ឪពុកជាច្រើនកាំបិត រហូតដល់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែកជនសង្ស័យជាកូន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ជាកូនឈ្មោះ សួន រតនៈ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុ (ជននេះប្រើប្រាស់ថ្នាំញៀន) ព្រោះសមត្ថកិច្ចពិនិត្យឃើញមានសារធាតុ ញៀនក្នុងទឹកនោម។ ចំណែកជនរងគ្រោះជាឪពុកដែលស្លាប់មានឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិក្នុងភូមិកើតហេតុនោះដែរ ។
ប្រភពពត៌មានពីបុរសម្នាក់ឈ្មោះយូ ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលជាឪពុករួមជាមួយ(ជនសង្ស័យជាកូន) និងកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា បាននាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ។ បន្ទាប់មកជនដៃដល់បានជិះម៉ូតូទៅទិញស្រាបៀរថែមកន្លះកេសទៀត និងបានផឹកសុីជុំគ្នាបន្ត លុះបានមួយសន្ទុះក្រោយមក
ជនដៃដល់ជាកូនរូបនោះបានដើរចូលទៅក្នុងផ្ទះ ហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ព្រមទាំងវាយប្រពន្ធដែលទើបនឹងសម្រាលកូនចំនួន២ដៃ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ត្រូវជនដៃដល់ជាកូន ប្រវាយប្រតប់គ្នាជាមួយឪពុកទៅវិញទៅមក ខណៈនោះកូន ប្រុសម្នាក់ទៀតឈ្មោះ សួន រតនា និងខ្លួន(ឈ្មោះយូ ថា)បានចូលឃាត់បំបែកគ្នាឱ្យចេញក្រៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនដៃដល់ជាកូនបានរត់ចូលទៅក្នុងរោងបាយរួចទាញយកកាំបិតផ្គាក់អត់ដង១ដើមមកធ្វើសកម្មភាពកាប់ទៅលើឪពុករហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះមានស្លាកស្នាមរបួសលើថ្ងាសខាងស្ដាំ១កាំបិតទំហំ២សង្ទីម៉ែត្រ កណ្ដាលក្បាល១កាំបិតប្រវែង៧សង្ទីម៉ែត្រ និងកញ្ចឹងកខាងឆ្វេង១កាំបិតប្រវែង១០សង្ទីម៉ែត្រ។
បន្ទាប់ពីកើតហេតុអ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយនគរបាលប៉ុស្តិ៍បានចុះទៅដល់ឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ