កណ្ដាល ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជនទៅនឹងគណនីហ្វេសបុកឈ្មោះ Darean Thy ដែលបានបង្ហោះខ្លឹមសារថា៖ ពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវរកប្រភពហ្វេសបុកបានបង្ហោះខ្លឹមសារខាងលើ។
ជាលទ្ធផល ៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បានធ្វេីការស្រាវជ្រាវ និងបានធ្វើលិខិតកោះហៅ ឈ្មោះ ធី ដារ៉ែន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសួរនាំអំពីការបង្ហោះហ្វេសបុកកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលបានសរសេរថាពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។
ក្រោយពីកម្លាំងផ្នែកជំនាញបានសួរនាំបញ្ហាខាងលើគាត់ក៏បានឆ្លើយបំភ្លឺថា ដោយសារខ្លួនមានបញ្ហារឿងជំពាក់លុយជាមួយឈ្មោះ ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួលជិតគ្នា ហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច។ ក្រោយមកកម្លាំងប៉ុស្តិ៍លំហាចបានកោះហៅឈ្មោះខាងលើប៉ុន្តែមិនបានចូលតាមការកោះហៅនោះឡើយ។ ពេលនោះខ្លួនខឹងពេកក៏បានបង្ហោះហ្វេសបុករបស់ខ្លួនដែលមានខ្លឹមសារដូចខាងលើតែម្តង។ លុះថ្ងៃក្រោយមកទេីបកម្លាំងប៉ុស្តិ៍លំហាច អញ្ជេីញភាគីទាំងពីរមកសម្របសម្រួលនិងបានបញ្ចប់រឿងរួចរាល់ហេីយ។
ចំពោះករណីនេះ ឈ្មោះ ធី ដារ៉ែន ដែលជាម្ចាស់គណនីហ្វេសបុកឈ្មោះ Darean Thy បានសរសេរលិខិតព្រមព្រៀងសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចមិនឱ្យមានករណីនេះកើតឡើងម្ដងទៀតឡើយ។
បន្ទាប់ពីបានធ្វេីកិច្ចសន្យាអប់រំនៅចំពោះមុខសមត្ថកិច្ចរួច ឈ្មោះ ធី ដារ៉ែន ក៏បានបង្ហោះហ្វេសបុករបស់ខ្លួនដេីម្បីធ្វេីការសុំទោសជាសាធារណៈផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ដោយ ៖ ភារ៉ា ដង្កោ