ភ្នំពេញ ៖ នគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចូនខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចបង្ក្រាបបាន បន្ទាប់ក្រុមទាំងនេះ តែងឧស្សាហ៍ធ្វើសកម្មភាពអុកឡុក ដោយការដើរកាប់ចាក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ការបញ្ចូនខ្លួនជនទាំង១២នាក់នេះទៅតុលាការ ធ្វើឡើង បន្ទាប់ពីនគរបាល បានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខពួកគេ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ក្រុមក្មេងទំនើបខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចេញធ្វើការបង្ក្រាប បន្ទាប់ពីក្រុមពួកគាត់មានបក្សពួកជាច្រើននាក់ ប្រដាប់ដោយកាំបិត និងដាវ បានណាត់គ្នាជាមួយភាគីមួយក្រុមទៀត ដើម្បីជួបគ្នាត្រៀមបើកឆាកប្រយុទ្ធគ្នា នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ប៉ុន្តែមិនទាន់បានជួបគ្នាតាមការណាត់ផង ក៏ត្រូវសមត្ថកិច្ចចេញធ្វើការបង្ក្រាប ដោយក្រុមក្មេងទំនើបបានតបតជាមួយសមត្ថកិច្ចដោយបានបណ្តាលឱ្យនគរបាលម្នាក់រងរបួសផងដែរ ។
ពលរដ្ឋគាំទ្រចំពោះការបង្ក្រាបក្រុមក្មេងទំនើង និងស្នើរសុំឱ្យសមត្ថកិច្ចបន្តពង្រឹងការបង្ក្រាបនេះ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ពិសេសក្មេងទមនើងនៅពេលរាត្រី ដែលតែងធ្វើសកម្មភាពជិះម៉ូតូទាំងក្រុមៗ បង្កភាពអុកឡុក ដេញកាប់ចាក់គ្នាប្រសាចនៅតាមដងផ្លូវសាធារណះ ដែលកត្តានេះ បានបង្កជាភាពភ័យខ្លាច និងព្រួយបារម្ភដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ឡើង ។
គួរបញ្ជាក់ថា សកម្មភាពក្មេងទំនើងកាប់ចាក់គ្នានាពេលរាត្រី ក្នុងមួយរយះក្រោយនេះ ហាក់មានភាពកម្រើកឡើងវិញគួរសម ខណះមួយរយះមុនមានការថបថយខ្លាំង បន្ទាប់ពីនគរបាលរាជធានី បានប្រើកណ្តាប់ដៃដែក ចុះបង្ក្រាប យ៉ាងខ្លាំងក្លា នៅគ្រប់ភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ៕ដោយ៖ រ៉ារ៉ា