ភ្នំពេញ ៖ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ រយៈពេល ១ថ្ងៃ កន្លះនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបិទបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបន្តថា ៖ ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងក្រុមការងារទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដែលរួមចំណែកដល់ការកសាងផែនការយុទ្ធសាស្រ្តសម្រាប់ ស.ស.យ.ក.ក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់យើង បន្តពីយុវជនជំនាន់មុន ក្រោមស្មារតី ២ធ្នូ។
ជាមួយគ្នានេះដែរ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមស្វាគមន៍ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាលដែលទើបត្រូវបានជ្រើសតាំងថ្មី។ ខ្ញុំសង្ឃឹមថា ជាមួយនឹងសមាសភាពបន្ថែមថ្មី ស.ស.យ.ក. នឹងបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់ ដើម្បីថែរក្សាការពារសមិទ្ធផលនៃសុខសន្តិភាព និងបន្តបម្រើប្រទេសជាតិ និងប្រជាជនតទៅមុខទៀត ៕