សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្រ្តីកសិកម្មនៅក្នុងឃុំ សង្កាត់ចំនួន៨០០ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពច្បាស់លាស់ដើម្បីលើកស្ទួយវិស័យកសិកម្ម ដោយក្នុងនោះមានចែងច្បាស់នៅក្នុងកម្មវិធីទី៥ និងកម្មវិធីទី៦ នៃកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តភ្លាមៗចាប់ពីអាណត្តិថ្មីនេះតទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ គឺការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ពាក់ព័ន្ធនឹងកម្មវិធីអាទិភាពនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្ម និងបានរៀបចំយន្តការ និងនីតិវិធីបញ្ចេញ និងប្រើប្រាស់ថវិកា លក្ខខណ្ឌតម្រូវឥណទាន និងយន្តការនីតិវិធីសងត្រឡប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ សម្រាប់កម្មវិធីអាទិភាពទី៦ គឺការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យនូវជំហ៊ានទី១ គឺការប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយជំហ៊ានដំបូងនៅតាមបណ្តាឃុំ សង្កាត់មួយចំនួននៅទូទាំងប្រទេស ហើយយើងកំពុងកំណត់គោលដៅចំនួន៨០០ឃុំ សង្កាត់ផ្សេងទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ 

សម្តេចធិបតីបានគូសបញ្ជាក់ថា បណ្តាសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៦ខែកន្លងមករួមមាន៖

ទី១. ការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន និងសង្គម-សេដ្ឋកិច្ចជាតិ។

ជាលទ្ធផល យើងសម្រេចបាន៖

១. ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល ដល់ប្រជាជនសរុប ៦,៨ លាននាក់ ដែលក្នុងនោះ៖(១.) មានសមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្ត មានសរុបជាង ២លាន ១សែននាក់,(២.) មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យ ចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន៨សែននាក់, (៣.) មូលនិធិសមធម៌ប្រជាជននៃគ្រួសារក្រីក្រ (ក្រ១ និង ក្រ២) មាន៧០ម៉ឺនគ្រួសារដែលមានប្រជាជនចំនួន ២លាន៨សែន នាក់, និង(៤.) បានពង្រីកនូវការគ្រប់ដណ្តប់នូវរបបសន្តិសុខសង្គមជូនទៅដល់ក្រុមប្រជាជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជាង ១០ម៉ឺននាក់ផងដែរ។

២. ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលគោលដៅរបស់យើង១លាន៥សែននាក់ ដែលមកដល់ម៉ោងនេះគឺយើងមានយុវជនចំនួន ២៧ ៨៩៤ នាក់ បានចុះឈ្មោះចូលរៀន ក្នុងនោះ ១២ ២៦៨នាក់ កំពុងត្រូវបានបណ្ដុះបណ្ដាល នៅក្នុងកម្មវិធីសិក្សាចំនួន៥៤៤ថ្នាក់ ដែលរាជរដ្ឋាភិបាលយើងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ថវិកាក្នុងមួយខែ២៨ម៉ឺនរៀល។

៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន ពោលគឺយើងបានដាក់ចេញគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលនឹងចាប់អនុវត្តពីខែមេសាខាងមុខនេះ និងចាកចេញជាបណ្តើរៗពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

៤. ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។  យើងបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាពការងារព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះ ឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលខាងមុខ ដើម្បីយើងកំណត់ឱ្យបាននូវគោលដៅច្បាស់លាស់ អាចជួយជាក់ស្តែង។

៥. ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យពាក់ព័ន្ធនឹងកម្មវិធីអទិភាពនេះយើងបានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម និងបានរៀបចំយន្តការ និងនីតិវិធីបញ្ចេញ និងប្រើប្រាស់ថវិកា, លក្ខខណ្ឌតម្រូវឥណទាន, និងយន្តការនីតិវិធីសងត្រឡប់។

៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ ទៅលើកិច្ចការងារនេះយើងអនុវត្តជោគជ័យនូវជំហានមួយគឺការប្រឡងមន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ និងបានដាក់ពង្រាយ ជំហានដំបូងនៅតាមបណ្តាឃុំសង្កាត់មួយចំនួននៅទូទាំងប្រទេស ហើយយើងកំណត់គោលដៅ ៨០០ឃុំ-សង្កាត់ទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print