ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលក្នុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃចន្ទ ទី១១ ដល់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋបានចំនួន១៦ ៧៧១សេវា។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤។
បើតាមលោក ទូច សុឃៈ (សុខៈ) ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ សេវាអត្តសញ្ញាណកម្មមានចំនួន៥ ០៩៩សន្លឹក លិខិតឆ្លងដែនមានចំនួន៥ ៣៦២លិខិត លិខិតធ្វើដំណើរមានចំនួន១ ៩៣១លិខិត សៀវភៅស្នាក់នៅមានចំនួន២ ៣០៦ក្បាល និងសៀវភៅគ្រួសារមានចំនួន២ ០១៩ក្បាល។
ចំនួននេះ បានកើនឡើងជិត២០០សេវា បើធៀបរយៈពេលដូចគ្នាកាលពីសប្ដាហ៍មុន ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្ម និងសេវាសាធារណៈផ្សេងទៀតជូនប្រជាពលរដ្ឋ ដែលក្នុងនោះក៏កំពុងដំណើការផ្ដល់តាមឌីជីថលផងដែរ។
គួរកត់សម្គាល់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បម្រើសេវាធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅទីនោះផងដែរ៕
ដោយ ៖តារា