ខេត្តកំពង់ធំ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលទើបទទួលនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបណ្តាអង្គភាព សារព័ត៌មាន ទាំងអស់ជ្រាបថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) មានជនអនាមិក បានបន្លំជាមន្ត្រីរដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានទូរ សព្ទ ចូលកម្មវិធីផ្សាយផ្ទាល់ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់ទៅលើ មន្ត្រីក្រសួងអធិការកិច្ច ថាបាន ទារ ប្រាក់ចំនួន ៥០០០$ (ប្រាំពាន់) ដុល្លារអាមេរិក ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុល បរិយាកាសសង្គម ញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ទន្ទឹមនឹងនេះ មន្ទីរសេដ្ឋ កិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ សូមបំភ្លឺជូនសាធារណជនជ្រាបដូចខាងក្រោម÷
១. មិនមានក្រុមការងារក្រសួងអធិការកិច្ចចុះមកត្រួតពិនិត្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំឡើយ។ ២. អ្នកផ្តល់ព័ត៌មានទៅកម្មវិធីផ្សាយវិទ្យុ អេ ប៊ី ស៊ី (ABC) មិនមែនជាមន្ត្រីរដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពង់ធំទេ បុគ្គលនោះ គឺជាជនខិលខូចដែលមានចរិតមួលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ដែលធ្វើឱ្យ សាធារណៈជនមានការភាន់ច្រឡំតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានបំភ្លឺករណីនេះ ជាមួយវិទ្យុ អេ ប៊ី ស៊ី (ABC) កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រួចរាល់ហើយ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំមន្ទីរ សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នរដ្ឋពាក់ព័ន្ធសហការជួយស្រាវជ្រាវ ដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះជនអនាមិករូបនោះ៕ដោយ៖តារា