ភ្នំពេញ៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍តេស្តរកសារធាតុញៀនចំនួន១ ៣០០០តេស្ត ដែលជាជំនួយពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រតិភូដែលដឹកនាំដោយលោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គលេខាធិការស្តីទីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធមួយចំនួន។
លោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគម្រោងជំនួយនាពេលនេះ គឺបានបង្ហាញពីសម្ព័ន្ធភាពយូអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។ ជាមួយនេះ លោក CHANG JIAN ក៏បានបង្ហាញការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនាពេលកន្លងមក ក៏ដូចជា កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។
លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ជំនួយតេស្តរកសារធាតុញៀននេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ នាពេលកន្លងមក ដែលញ៉ាំងឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែមានភាពរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។