ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរៀបចំសន្និសីទគោល នយោបាយអប់រំលើកទី៤ ស្ដីពី ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀន នាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ រយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោកJustin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមានការចូលរួម ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ គរុនិសិស្ស និងអ្នកចូលរួមអនឡាញសរុបប្រមាណ ៦៨៩រូប។
សន្និសីទនេះមានគោលបំណង (១). ពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងកំណែទម្រង់ សាលារៀន ការចូលរួម របស់សហគមន៍ និង ការអភិវឌ្ឍវិជ្ជាជីវៈ ដល់គ្រូបង្រៀន ដែលមាន គោលដៅ ពង្រឹង នូវលទ្ធផលសិក្សារបស់សិស្ស (២).ការរិះរកនូវនវានុវត្តភាព ក្នុងវិស័យអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលអាចជួយដោះស្រាយ បញ្ហាប្រឈមបច្ចុប្បន្ន និងវាយតម្លៃមើល ថាតើបច្ចេកវិទ្យាអាចជួយលើកកម្ពស់ ដល់ភាពធន់ ក្នុងវិស័យ អប់រំយ៉ាងដូចម្ដេច និងកំណត់ នូវ ឧត្តមានុវត្ត ក៏ដូចជា បទពិសោធន៍ ជោគជ័យ នៃការធ្វើសមាហរណកម្ម នូវបច្ចេកវិទ្យាក្នុងវិស័យអប់រំ និង (៣). សម្របសម្រួល នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយ នឹង អ្នក ពាក់ព័ន្ធ ផ្ទាល់ក្នុងវិស័យអប់រំ និងកំណត់នូវផ្នែកដែលមានសក្តានុពល ផ្ដល់នូវ ប្រយោជន៍ទៅវិញទៅមក និង ប្រធានបទស្រាវជ្រាវ ដែល មានសក្ដានុពល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការតាក់តែងគោលនយោបាយផ្អែកលើភ័ស្តុតាងក៏ដូចជាលើកកម្ពស់នូវគុណភាពនៃការស្រាវជ្រាវ ក្នុងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវធាតុចូលក្នុងការពិភាក្សាសម្រាប់សន្និសីទគោលនយោបាយអប់រំលើ ៩ចំណុចគឺ៖ (១). ការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា (២). ការអនុវត្តកំណែទម្រង់សាលារៀន (៣). ការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យ (៤). ការពិនិត្យទ្បើងវិញសៀវភៅសិក្សាគោល និងការកែលម្អវិធីសាស្ត្របង្រៀន (៥). ការលើកកម្ពស់ការអប់រំឌីជីថល (៦). ការអភិវឌ្ឍកម្មវិធីសិក្សា (៧). ការលើកកម្ពស់សុខភាពសិក្សា (៨). ការគាំទ្រសិស្ស និង (៩). ការថែទាំ គាំពារ និងអប់រំកុមារតូច។
បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរ គុណ ដល់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំសន្និសីទគោល នយោបាយនេះ៕