ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ អញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើនសេដ្ឋកិច្ច រកការងារ និងផ្តល់ការងាជូនជនពិការ ដើម្បីបងប្អូនជនពិការ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម។
មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានសម្ពោធដាក់ឱ្យអនុវត្តការងារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧។
ដោយឡែកប៉ារ៉ាឡាំពិកកម្ពុជា បានចាប់បដិសន្ធិតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៧។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាជនពិការអាស៊ាន(APSF) គណៈកម្មាធិការកីឡាជនពិការអាស៊ី(AsPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC) និងក៏ជាសមាជិក របស់សហព័ន្ធកីឡាអន្តរជាតិជាច្រើនទៀត។
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាអង្គការសង្គមស៊ីវិល បង្កើត និងទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជា និងស្ថិតក្រោមធម្មនុញ្ញអន្តរជាតិ (គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដែល បណ្តាប្រទេសលើពិភលោកជាសមាជិក និងមានរចនាសម្ព័ន្ធដូចគ្នានឹងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំង ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមិទ្ធផលសំខាន់ៗដែលត្រូវសម្ពោធរួមមានដូចខាងក្រោម៖
-អាគារការិយាល័យធំមួយ ទទឹង ២០ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ កម្ពស់ពីរជាន់មានចំនួន ១០បន្ទប់ ធំទូលាយ សាលប្រជុំធំដាក់ចំណុះបាន ១០០នាក់ ការិយាល័យសម្រាប់មន្ត្រីចំនួន ៤០នាក់ និង កន្លែងទទួលភ្ញៀវ។
-អាគារស្នាក់នៅរបស់ជនពិការ និស្សិតអាហារូបករណ៍ និងអត្តពលិកជនពិការចំនួន ២អគារ មាន ២០បន្ទប់ អាចស្នាក់នៅបានចំនួន ៨០នាក់ ក្នុងនោះ ៥បន្ទប់ឧបត្ថម្ភដោយអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី
-ទីលានមជ្ឈមណ្ឌលហ្វឹកហាត់កីឡាប៉ារ៉ាឡាំពិក មានទំហំសរុប ២,២២០ម៉ែត្រក្រឡា បាននិងកំពុង ហ្វឹកហាត់កីឡាប៉ារ៉ាឡាំពិក៦ប្រភេទកីឡា គឺលើកទម្ងន់ជនពិការ បូស្យា បាល់ទះអង្គុយ បាល់បោះរទេះ វាយកូនឃ្លីលើតុជនពិការ និងអុកជនពិការ
-ការតុបតែងទីធ្លាទុកជាប្រវត្តិសាស្ត្របានចារឹកថ្មធម្មជាតិជាច្រើនផ្ទាំង រួមមាន៖ សិលាចារឹកឈ្មោះមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សិលាចារឹកសក្ខីភាពសម្ពោធសមិទ្ធផល សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សិលាចារឹកទុកជាប្រវត្តសាស្ត្រទីតាំងធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ សិលាចារឹកស្ថាបនិកដោយមគ្គុទ្ទេសក៍សន្តិភាពសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិលាចារឹកឡូហ្គោមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
គួរបញ្ជាក់ថា ទីតាំងទាំងមូលត្រូវបានបំពាក់ឧបករណ៍គ្រប់ទីកន្លែង មានផាសុកវត្ថុ មានបរិយាបន្នសម្រាប់ជនពិការ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យបរិយាកាសរស់នៅសមរម្យរបស់ជនពិការ៕ដោយ៖តារា