មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាអាណាព្យាបាលនិងក្មេងស្រីល្បីមើលឃើញភពទាំងបីបញ្ឈប់សកម្មភាពចែកចាយលើបណ្ដាញសង្គម

ចែករំលែក៖

ភ្នំពេញ៖​ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាណាព្យាបាល និងក្មេងស្រីដែលល្បីមើលឃើញភពទាំងបី ឲ្យបញ្ឈប់ធ្វើសកម្មភាពបង្ហោះវីដេអូការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើជាដើម ដែលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។

ការចុះអប់រំណែនាំនេះបានធ្វេីឡេីងនៅចំណុចផ្ទះរបស់លោក សុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ 

អាជ្ញាធរបានឲ្យដឹងថា​ បន្ទាប់ពីមន្ទីរធម្មការបានឃើញនូវការបង្ហោះវីដេអូចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធពីការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា​ ទេីប​ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាណាព្យាបាល និងក្មេងស្រីដែលល្បីមើលឃើញភពទាំងបី ឲ្យបញ្ឈប់ធ្វើសកម្មភាពបង្ហោះវីដេអូការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើជាដើម ដែលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ លោក សុត កុសល្យ និងកូនស្រី ក៏បានអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print