ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានអក្សរ”P “នៅខាងលើ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?
ក្រសួង បានបង្ហាញពីផ្លាកសញ្ញាបង្ហាញកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។
ជាមួយគ្នានេះ ក្រសួង ក៏បានបង្ហាញពីផ្លាកសញ្ញាបង្ហាញពី ” សិទ្ធិអាទិភាព ,ផ្លូវធំមានសិទ្ធិ ,ផ្លូវសំខាន់មានសិទ្ធិ ,ចប់ផ្លូវសំខាន់មានសិទ្ធិ ”។
ក្រសួង បានបញ្ជាក់ថា ផ្លាកសញ្ញាបង្ហាញពីសិទ្ធិអាទិភាព ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញដល់អ្នកបើកបរបានដឹងពីសិទ្ធិអាទិភាពរបស់ខ្លួន និងការផ្តល់សិទ្ធិអាទិភាពចំពោះអ្នកធ្វើដំណើរផ្សេងទៀតនៅពេលឆ្លងកាត់ផ្លូវសាធារណៈ ផ្លូវប្រសព្វ រង្វង់មូល ឬផ្លូវរថភ្លើងឆ្លងកាត់។ល។ ដើម្បីយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ សូមទាញយកកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ៕ដោយ៖តារា