ភ្នំពេញ៖ រឿងរ៉ាវចម្លែកៗបង្កើតជាគំនិតទុច្ចរិតបានកើតមានគ្រប់រូបភាពតាមឡាញ ឆាត ហ្វេសប៊ុក ហ្វ័សអាប់ ធ្វើឲ្យជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតអស់កេរ្តិ៍ខ្មាស់ បែកប្តីប្រពន្ធ សុទ្ធតែកើតចេញពីទំនុកចិត្ត និងខ្លះទៀត ជ្រួលច្របល់នឹងភាពលោភលន់ ។ ដូច្នេះគួរតែយើងទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចគលបោកប្រាស់នៃជនទុច្ចរិតកំពុងប្រព្រឹត្ត ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យប្រុស ស្រី១គូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេ បានប្រើល្បិចឆាត ជាមួយជនរងគ្រោះតាមហ្វ័សអាប់ ជាល្បិចលួងលោម ស្នេហា រួចហើយអន្ទងឲ្យមកជួប ក៏ចាប់ចងដៃ ចងជើង យកទូរស័ព្ទ គ្រឿងអលង្ការ និងប្រាក់កាសមួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះមានមិត្តភក្តិស្រីៗដូចគ្នា ក្រោយមក ក៏បានបង្កើតហ្វ័សអាប់ឲ្យជនរងគ្រោះប្រើ និងឲ្យដៃគូរបស់ខ្លួនជាមិត្តប្រុសឆាត ឆ្លងឆ្លើយ ស្នេហា លួងលោមក្នុងគំនិតទុច្ចរិតបោកប្រាស់រហូតដល់ស៊ីជម្រៅនឹងទឹកដមស្នេហា ណាត់គ្នាមកជួបក្រេបទឹកឃ្មុំនៅសណ្ឋាគារស ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ដោយសន្យាថា នឹងឲ្យប្រាក់ចំនួន១០០ដុល្លារ ។ នារីរងគ្រោះអាចនិយាយថា ចង់បានលុយផងដែរ ឬក៏មិត្តភក្តិស្រីដែលប្រើគំនិតទុច្ចរិតនោះដឹងពីទឹកចិត្តនារីរងគ្រោះ ក៏សម្រេចចិត្តមកតាមការណាត់នៅសណ្ឋាគារស ក្នុងបន្ទប់មួយ ។ សមត្ថកិច្ចបន្តថា ពេលនារីរងគ្រោះមកដល់សណ្ឋាគារ ស្រាប់តែ លេចចេញក្រុមជនសង្ស័យទាំងស្រី ទាំងប្រុស ពី៤ទៅ៥នាក់ បានចាប់នារីរងគ្រោះបិទមាត់ និងចងដៃ ចងជើង ប្រមូលយកទូរស័ព្ទ គ្រឿងអលង្ការ និងប្រាក់មួយចំនួន ហើយដាក់ក្នុងបន្ទប់ផ្សេង ។ ដោយឡែកពួកគេ ក៏សម្ងំនៅឯបន្ទប់ផ្សេង យ៉ាងតិចមានចំនួន២បន្ទប់ ដែលជាទីតាំងរបស់ពួកគេស្នាក់អាស្រ័យធ្វើសកម្មភាពល្មើស ។
ក្រោយមក ក្រុមគ្រួសារនារីរងគ្រោះក៏បាត់សមាជិកឆោឡោ ព្រោះមួយយប់ទៅហើយ មិនដឹងជាទៅណា ប៉ុន្តែអ្នកដែលបានឌុបមក ដឹងថា មកកាន់សណ្ឋាគារស ក៏ប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍រកជនរងគ្រោះ ។ ក្រោយមក ក៏បានឃើញជនរងគ្រោះនៅក្នុងបន្ទប់សណ្ឋាគារនេះ ហើយជាប់ចំណងពិតមែន ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១គូ យកមកសាកសួរ ហើយពួកគេ ភាគីខាងស្រី ក៏ស្គាល់ជនរងគ្រោះដូចមិត្តភក្តិ ក៏ផ្សំគំនិតគ្នាជាមួយមិត្តប្រុសដើម្បីបោកជនរងគ្រោះ ។ នេះសំណាងល្អផងដែរ បានរួចផុតពីជីវិត កុំអី លង់បង់ប្រាណ ឬគ្រោះថ្នាក់ដល់ជីវិត ដោយសារការគិតខ្លី និងសេចក្តីលោភលន់បែបនេះ ៕
ដោយ៖ ស រស្មី