ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូនកម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា គិតចាប់ពីម៉ោង ១រសៀល ថ្ងៃទី២២ ដល់ម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួង បានបន្តបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ជូនបងប្អូនកម្មករ និយោជិតសរុបចំនួន ៣ ៧២៨នាក់ ដោយបានដំណើរការយ៉ាងរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករ និយោជិតទាំងអស់។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា នៅសាលាខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះជាបន្តទៀត។ ចាប់ពីថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅ បងប្អូនកម្មករនិយោជិត ដែលមិនទាន់មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយ និងមកបើក ថវិកានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច។
សារជាថ្មីម្តងទៀត ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ចសហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិត ដែលមានការងារថ្មីរួចហើយ ឱ្យទទួលបាន ការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា