ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីសកម្មភាពមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការតាមបណ្ដាខេត្តមួយចំនួន បានធ្វេីការជិះល្បាត ដើម្បីការពារដែនជម្រកសត្វព្រៃ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ជាក់ស្ដែងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប កាលពីថ្ងៃទី២៥ មីនាម្សិលមិញ បានចុះល្បាតទៅចំណុច ជើងភ្នំបារាយណ៍ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួង បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិស្រែវាល ចុះល្បាតដល់ចំណុចអូរតូច ចំណុចព្រៃក្តឿង និងចំណុចព្រៃក្តឿង ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ចំណែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល ចុះល្បាតទៅដល់ចំណុចអូររំដេង ស្ថិតក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ដោយឡែកនៅខេត្តសៀមរាប មន្ត្រីឧទ្យានុរក្ស នៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤នេះ បានចុះល្បាតរហូតដល់ចំណុចឆេះវែក ស្ថិតក្នុងភូមិសាស្រ្តភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ។
ក្នុងថ្ងៃជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស នៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ក៏បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ និងសហគមន៍ព្រៃធំ ចុះល្បាតដល់ចំណុចខាងកើតស្រះស្វាយប៉ា និងចំណុចព្រៃធំ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកមន្ត្រីឧទ្យានុរក្ស នៃតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានសហការជាមួយសហគមន៍ភ្នំពក ចុះល្បាតនៅចំណុចល្អាង ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។មន្រ្ដីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចុះល្បាតដល់ចំណុចប្រាសាទចាក់ច្រែង ស្ថិតនៅភូមិ ក្រមុំបូល ឃុំកន្ទួតស្រុកស្វាយលើ។ ចំណែកឯមន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស បានចុះល្បាតនៅចំណុចខាងកើតដីឆ័ត្រ ស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ផងដែរ។
ជាមួយគ្នានោះ នៅខេត្តបាត់ដំបងលោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានដឹកនាំមន្ត្រីឧទ្យានុក្សចុះល្បាត ភូមិសាស្ត្រ ភ្នំផេះ ស្ថិតនៅក្នុងភូមិវិរៈជ័យ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ (W.A) បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីរេដបូក នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្នាក់ការរងច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយឡែក លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយអង្គការសម័្ពន្ធមិត្តសត្វព្រៃ (W.A) បានចុះយកនិយាមកាដីភ្នំ ដើម្បីធ្វើដីកាដកហូត ដាំកូនឈើ និងស្ដារគម្របព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង៕ដោយ៖តារា