លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ លោក គីម រិទ្ធី អភិបាលខេត្ត លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅបរិវេណប្រាសាទព្រះខ័ន ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី។

សូមបញ្ជាក់ថា ៖ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

សូមជម្រាបថា ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស ចូលរួមកាន់តែសកម្មឡើងថែមទៀត ក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិ។

ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

 

ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ងត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយ ទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print