ភ្នំពេញ÷ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នក ជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការ ពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំ សំចៃ ជាពិសេសចង្រា្កននេះបានកាត់បន្ថយការបញ្ចេញ ផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតបលោករដ្ឋមន្រ្តីបានសម្តែងនូវការអរគុណចំពោះសមានចិត្តល្អ ក្នុងការរួមចំណែកជាមួយនឹងភាពស្អាតរបស់កម្ពុជា ហើយភាពស្អាតលើដី ក្នុងទឹក និងអាកាសនេះ គឺមិនមានព្រំដែននោះទេ ភាពស្អាតនេះនឹងសាយភាពទៅដល់ប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយប្រទេសយើងនឹងរស់នៅក្នុងបរិស្ថានស្អាតជាសហគមន៍អាស៊ានស្អាតតែមួយជាមួយគ្នា។ ជាការគូសបញ្ជាក់បន្ថែមលោករដ្ឋមន្រ្តីថា ដើម្បីទទួលបានភាពស្អាតជំរុញដល់ពាណិជ្ជកម្មកាបូន ៤១.៧%នៅឆ្នាំ ២០៣០ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែ ប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនរួចជាស្រេច នោះគឺភាពស្អាត ប្រកប ដោយតម្លាភាព គណនេយ្យភាពសង្គម និងគោរពតាមវិធានការច្បាប់បានខ្ជាប់ខ្ជួន។
លើសពីនេះ គ្រប់ភាគីទាំងអស់ដែលបានរួមចំណែកក្នុងពាណិជ្ជកម្មកាបូន ដែលមានក្រុមហ៊ុនជាច្រើន រួមមានជប៉ុន សង្ហបូរី និងវៀតណាម កម្ពុជានឹងបែងចែកភាគលាភនៃការធ្វើពាណិជ្ជកម្មនេះជូនស្មើគ្នា បន្ទាប់ពីបានផ្តល់ជូននូវប្រយោជន៍ទាំងនេះជូនប្រជាជនកម្ពុជារួច កម្ពុជាមិនឱ្យអ្នកវិនិយោគណាមួយដែលមានបំណងល្អជួយកម្ពុជាខាតប្រយោជន៍នោះឡើយ គឺយើងឈរលើគោលការណ៍ស្អាតពីខាងក្នុង មិនកេងចំណេញ ដើម្បីជំរុញការវិនិយោគបៃតង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ៕