ខេត្តកោះកុង៖ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា៖ មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងទូកអូសម៉ាស៊ីនគោយន្ត និងទូកអូសម៉ាស៊ីនឡាន បណ្តាលឱ្យបុរសម្នាក់បានស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍។
ប្រភពដដែលបន្តថា ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ០៥ និង២០នាទីល្ងាចថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ ស្ថិតនៅចំណុច ២៣-៥៨សមុទ្រក្រៅ ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ក្នុងប្រតិបត្តិការនោះ លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ភ្លាមៗ ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ សហការជាមួយកម្លាំង ជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលការពារព្រំដែនទឹកឡាំដាំ ចុះដល់កន្លែងកើតហេតុបានជួយសង្គ្រោះ និងបញ្ជូនទូកបង្កឲ្យទៅទីបញ្ជាការវរសេនាទូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ខេត្ត កោះកុង ដើម្បីដោះស្រាយតាមនីតិវិធី ។
ជាក់ស្ដែងសមត្ថកិច្ចជួយសង្គ្រោះបានមនុស្សម្នាក់ ឈ្មោះ ឡូត ឡៃ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះបានបញ្ចប់នៅវេលាម៉ោង ១រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ៕