ភ្នំពេញ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម
ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្ដាយនិងកូនប្រសារ និងនារីរងគ្រោះ ក្មេងៗចំនួន០៩នាក់ ស្ថិតនៅផ្ទះលេខ៣១៨E1 និង ផ្ទះលេខ៣២០E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំង០២នាក់ម្ដាយនិងកូនប្រសារនេះដោយមានសេចក្ដីរាយការណ៍និងមានការសង្ស័យពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាបានរាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានខណ្ឌដោយសង្កេតឃើញថាទីតាំងផ្ទះខាងលើមានក្មេងៗស្រីជាច្រើននាក់ ចេញចូលផ្ទះនេះ។
ក្រោយទទួលបានសេចក្ដីរាយការណ៍អាជ្ញាធរមូលដ្ឋានខណ្ឌ ៧មករាបានសហការជាមួយនឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរហូតដល់សូមការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះនេះតែម្ដង រួចក៏ឃើញថាទីតាំងនេះគឺបានឃុំខ្លួននារីក្មេងៗចំនួន០៩នាក់សម្រាប់ បញ្ជូនទៅឲ្យបំរើភ្ញៀវ ដើម្បីរួមភេទ ក្នុងមួយម្ដងៗ ចំនួន ពី ២០០$ ទៅ៥០០$ ដោយចែកភាគរយៈជាមួយនារីក្មេងៗទាំងនោះផងដែរ។
សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីពីរនាក់ដែលជាម៉ែយ៉ែម ជាម្ដាយនិងកូនប្រសារ ទី១ ឈ្មោះ សុខ គឹមហេង ម្ចាស់ផ្ទះជួល 318E1 និងឈ្មោះ ឌួង សុធី ម្ចាស់ផ្ទះជួល 320E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នស្ត្រីទាំងពីរនាក់ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង០៩នាក់ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕