ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ជាទីគោរពខ្ពង់ខ្ពស់!

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តគោរពជូន ឯកឧត្តម កិត្តិសង្គហបណ្ឌិត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ការទទួលបាននូវការត្រាស់បង្គាប់តែងតាំងនេះ គឺជាសាក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នូវទេព្យកោសល្យ និងសមត្ថភាពការងារនាពេលកន្លងមករបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានក្នុង បេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស បានចូលរួមចំណែកដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនៈត្រ័យកែវទាំងបី ទេវតារក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print