ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មានកត្តាធំៗចំនួន៤ ដែលធ្វើឱ្យយើងសម្រេចបានសមិទ្ធផលនៅថ្ងៃនេះ ពោលគឺ៖
ទី១- កត្តាសន្តិភាព
ទី២- កត្តាសេរីភាពសាសនា
ទី៣- កត្តាលទ្ធភាពដែលកើតចេញអំពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ទី៤- កត្តាវប្បធម៌នៃការចែករំលែក
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការអប់រំខាងសាសនាបានធ្វើឱ្យមនុស្សចេះជួយគ្នា គោរពគ្នា យោគយល់គ្នា ហើយកត្តាធំៗទាំង៤នេះបានជួយឱ្យយើងរួមគ្នាកសាងសមិទ្ធផលដូចនៅថ្ងៃនេះបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់អាជ្ញាធរខេត្តរាជធានីទូទាំងប្រទេសឲ្យរៀបចំនូវការលេងល្បែងប្រជាប្រិយ៍ ការប្រគុំវង់ភ្លេង និងរាំបទភ្លេងប្រជាប្រិយខ្មែរ រួមទាំងស្នើទៅដល់យុវជនយុវនារីចេះគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរទៅវិញទៅមកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឲ្យពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខជាពិធីមួយដែលពោរពេញទៅដោយក្ដីសប្បាយរីករាយនៃប្រជាជនខ្មែរទូទាំងប្រទេស ជាមួយនឹងការលេងល្បែងប្រជាប្រិយ ការរាំកំសាន្តចម្រៀងបែបប្រពៃណី ដោយជំរុញទៅជាពិសេសទៅដល់យុវជនយុវនារី។
សម្ដេចថា៖ «នេះហើយជាការរួមគ្នាស្រឡាញ់ប្រពៃណីវប្បធម៌ជាតិ»។
ដោយមិនបានលើកពីការលេងជះទឹក និងប៉ាតម្សៅ សម្ដេចធិបតីបានស្នើទៅដល់យុវជនយុវនារីទាំងអស់ត្រូវចូលរួមលេងសប្បាយប្រកបដោយការគោរព និងជាពិសេសមិនប៉ះពាល់ទៅដល់សិទ្ធិនិងថ្លៃថ្នូររបស់ក្មេងស្រី។
ជាមួយគ្នានេះសម្ដេចក៏បានជំរុញការសប្បាយរីករាយដោយមិនមានគ្រឿងស្រវឹងផងដែរ៕
ដោយ ៖ សិលា