ព្រះមហាក្សត្រគូបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

ចែករំលែក៖

ភ្នំពេញ÷ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បាន​បើកស​ម័យ​ប្រជុំ​រដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងារ​រដ្ឋសភា​ចន្លោះសម័យ​ប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។

ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ព្រះ រាជ​ហឫទ័យ​សោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជា​ស្ត្រី​ឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័ន រដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការ ងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោល នយោបាយ និងមុខងារជាតំណាង ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។

ព្រះករុណា​ជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំ​ង​អស់​នៃ​នីតិកាល​ទី៧ ជាឥស្សរ ជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុង​ការ​ដឹកនាំ​ព្រះរាជា​ណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបាន​ប្រសូត​ឡើង​ចេញ​ពី​ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្រប តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង និង​មាន​គណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០​ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈដោយបង្កើត​បាន​រដ្ឋសភា​នីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។

ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី​ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក៏បានកោត សរសើរ ដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែរ។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹក​នាំ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​កិត្យានុភាព​ខ្ពស់​លើ​ឆាក​អន្តរជាតិ​។

ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់​ដឹកនាំជា​យុវជន​វ័យ​ក្មេង​ ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹង​ប្រែង​យក​អស់​កម្លាំង​កាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោល​នយោបាយ​សំខាន់​ៗ​ ជាពិសេសគោលនយោ បាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

...

សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវ​បានអានជូនអង្គរដ្ឋសភា ដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែក របាយ ការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបាន​អាន​ជូន​អង្គរដ្ឋសភា ដោយកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print