ក្នុងត្រីមាសទី១ ឆ្នាំនេះ! កម្ពុជាទទួលបានចំណូលជាង ១៦ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ភ្ញៀវទេសចរបរទេសជាង ៣៤ ម៉ឺននាក់ ​បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ​នារយៈ​ពេល ៣ ខែ ឆ្នាំ ២០២៤ ​ដែលជួយឱ្យគ្រឹះស្ថានអង្គររក​ចំណូលបាន​ជាង ​១៦ លានដុល្លារ កើនឡើងជាង ៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

​ជាក់ស្ដែង​យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ ​បា​នបង្ហាញ​ថា ​ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៤ ​មានភ្ញៀវទេសចរបរទេសចំនួន ​៣៧៤ ៥៣៤ នាក់បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៤៧,០៥ ភាគរយ ​បើធៀបឆ្នាំ ២០២២ ​ខណៈថវិកា​ដែលប្រមូលបានពីការលក់សំបុត្រសរុប ​១៦ ៥៣៣ ២៩៣ ដុល្លារ កើនឡើង ៤៨,៤៧ ភាគរយ។​

បេីតាមការ​បញ្ជាក់ពី​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ លោក ខៀវ ធី បានឱ្យដឹងនៅថ្ងៃទី០១ ខែមេសានេះថា ​ចំនួនភ្ញៀវទេស​ចរ​បានកើនឡើងវិញ​ចាប់តាំងពីខែមករា ​ដើមឆ្នាំនេះ ​ដោយសារ​ទេសចរនៅអឺរ៉ុប​ចូលចិត្តដើរលេងអំឡុងពេល​ដំណាច់ឆ្នាំ ដោយសារទីនោះ​អាកាសធាតុត្រជាក់​ ម្យ៉ាងទៀត​ទេសចរ​នោះជ្រើសរើសប្រទេសដែលមានសុវត្ថិភាព និងប្រទេសដែលមានវប្បធម៌ សេវាកម្មល្អ ចំណីអា​ហារឆ្ងាញ់ ប្រជាជនរាក់ទាក់។​

​លោកប្រធាន​សមាគម​រូប​នេះ​ បានបញ្ជាក់ថា ​បច្ចុប្បន្នចំនួនភ្ញៀវទេសចរកម្ពុជា​នៅតិចតួចនៅឡើយបើប្រៀបធៀប​ជាមួយប្រទេសជិត​ខាង ​ប៉ុន្តែ​ទេសចរបរទេសចាប់ផ្ដើមកើនឡើងវិញបណ្ដើរៗហើយ ​ឱ្យតែយើងរៀបចំប្រទេសឱ្យស្អាត ​ចំណីអាហារមានអនាម័យ។​

​សូមជម្រាបថា​ កាលពីឆ្នាំ២០២៣កន្លងទៅ​ ​គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេស​បាន ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ ភាគរយ។

​របាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីដើមឆ្នាំនេះ បង្ហាញថា ​ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។​ ចំណែក​ទីផ្សារទេសចរសំខាន់ៗ​របស់កម្ពុជា រួមមានប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អង់គ្លេស និងបារាំងជាដើម៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print