ក្រសួងយុត្តិធម៌ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

ចែករំលែក៖

ភ្នំពេញ ៖ មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅ ការងារជាអាទិភាពបន្ត បានប្រព្រឹត្តទៅរយៈពេលចំនួន ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហា អយ្យការអមតុលាការកំពូល និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះ ក្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពរដ្ឋបាលតុលាការនៅទូទាំងប្រទេស សរុបចំនួនប្រមាណជាង ៧០០នាក់។

នេះគឺជាលើកទី១ ដែលក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ ដែលជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វិស័យយុត្តិធម៌” ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក “ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធ យុត្តិធម៌” ជាមុំអាទិភាពមួយក្នុងចំណោមមុំទាំង៥ ដែលបានបង្កើតជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

មហាសន្និបាតវិស័យយុត្តិធម៌ឆ្នាំ២០២៤នេះ បានរៀបចំឡើងស្របពេលដែលវិស័យយុត្តិធម៌ ទាំងមូល បាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្ត យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផងដែរ។ មហាសន្និបាតវិស័យយុត្តិធម៌លើកទី១នេះ គឺជាឱកាសនៃការជួបជុំដ៏កម្រមួយ រៀបចំឡើងក្នុងគោលបំណង អនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ពិនិត្យ និងពិភាក្សាលើបញ្ហា ប្រឈមសំខាន់ៗមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងសម្រេចដាក់ចេញនូវដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា ដែល អាចធានាបាននូវការឯកភាពទាំងគោលជំហរ ទាំងទស្សនៈក្នុងការអនុវត្តនៅតាមសាលាជម្រះក្តី និង អង្គការ អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សំដៅ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងចក្ខុវិស័យរួមតែមួយ ក្នុងជំហានកាន់តែបុរេសកម្ម កាន់តែសកម្ម កាន់តែស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីនាំ មកនូវការប្រែប្រួលជាវិជ្ជមានបន្ថែមទៀតសម្រាប់វិស័យយុត្តិធម៌។

មហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាក្នុងវិស័យយុត្តិធម៌ដែលសម្រេចបាននាពេល កន្លងមក ហើយបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី និងភារកិច្ចអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតីប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និងគុណភាពនៃ យុត្តិធម៌ឈានឆ្ពោះទៅធ្វើឱ្យមានការ “ផ្លាស់ប្តូរជាវិជ្ជមានជាបន្តបន្ទាប់នូវទស្សនៈ និងការយល់ឃើញ របស់ប្រជាពលរដ្ឋចំពោះវិស័យយុត្តិធម៌។”

យោងតាមរបាយការណ៍ដែលបានបង្ហាញជូនអង្គមហាសន្និបាត, វិស័យយុត្តិធម៌សម្រេចបាននូវសមិទ្ធផល សំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៣កន្លងទៅក្នុងនោះរួមមានជាអាទិ៍ (១)-ការបង្កើតឱ្យមានអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ, (២)-ការដាក់ចេញនូវយុទ្ធនាការចំនួន២ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ដែលរួមមាន៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, (៣)-លើកកម្ពស់យន្តការផ្តល់សេវា មេធាវីជូនជនក្រីក្រ, (៤)-បន្តកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីបម្រើឱ្យសេចក្តីត្រូវការ ចាំបាច់នានារបស់សង្គម, និង (៥)-ពង្រឹងប្រសិទ្ធភាពនៃយន្តការអធិការកិច្ច។

អង្គមហាសន្និបាតបានពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន ៨ ដែលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី និងវិស័យព្រហ្មទណ្ឌ រួមមាន៖ (១)-ប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធី រដ្ឋប្បវេណី, (២)-ការចេញដីកាសម្រេចរក្សាការពារ, (៣)-ការលើកកម្ពស់ប្រសិទ្ធភាព និងជំនឿទុកចិត្តលើ ការលក់ដោយបង្ខំនូវអចលនវត្ថុ, (៤)-ការជូនដំណឹង និងការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ, (៥)- ប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, (៦)-ការជូនដំណឹង អំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងអំពីសេចក្តីសម្រេចតុលាការ), (៧)-បទល្មើសប្រព្រឹត្តដោយអនីតិជន និង (៨)-បណ្ដឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ។

ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុលផុសអស់រយៈពេល៣ថ្ងៃ អង្គមហាសន្និបាតបានឯកភាពគ្នាលើដំណោះ ស្រាយរួមចំពោះបញ្ហាប្រឈមដែលនឹងត្រូវរៀបចំចេញជាសេចក្តីសម្រេចចិត្តរួមរបស់មហាសន្និបាត ហើយ នឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម បណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម តុលាការកំពូល។ សេចក្តីសម្រេចចិត្តនេះនឹងក្លាយជាគោលការណ៍និងស្មារតីរួម ដែលអាចធានាបាននូវការ ឯកភាពគ្នាទាំងលើទស្សនៈ ទាំងគោលជំហរសំដៅធានាប្រសិទ្ធភាព ទាំងសង្គតិភាពសម្រាប់ការអនុវត្តបន្ត ដោយសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដែលជាមូលដ្ឋាននៃការពង្រឹងជំនឿទុកចិត្តសម្រាប់ការអនុវត្តច្បាប់។

ចំពោះកិច្ចការក្នុងវិស័យរដ្ឋប្បវេណី អង្គមហាសន្និបាតវិស័យយុត្តិធម៌ បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សាស្ត្រាចារ្យ និងអ្នកជំនាញការជប៉ុនទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនួយ នានាប្រកបដោយការទទួលខុសត្រូវដល់វិស័យយុត្តិធម៌តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ អស់រយៈពេលជាង២០ឆ្នាំកន្លងមកក្នុងការកសាងបាននូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជាដើម្បីធានា បាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី។ អង្គមហាសន្និបាត បានវាយតម្លៃចំពោះការរៀបចំប្រព័ន្ធរដ្ឋប្បវេណីពេញលេញនេះ គឺដើម្បីធានាបាននូវទំនុកចិត្តក្នុងទំនាក់ ទំនងសង្គម ទាំងបុគ្គល និងទ្រព្យសម្បត្តិ។ ទំនុកចិត្ត និងការប្រមាណទុកជាមុន (Predictability) បូកបន្ថែម នៃការអនុវត្តឱ្យបានត្រឹមត្រូវ គឺនឹងធានាបាននូវស្ថិរភាពក្នុងទំនាក់ទំនងសង្គម។

អង្គមហាសន្និបាតបានពិនិត្យឃើញអំពីភាពចាំបាច់ក្នុងការពិនិត្យពិចារណាធ្វើវិសោធនកម្មក្រម រដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ក្នុងវិស័យរដ្ឋប្បវេណីដែលមានការពាក់ព័ន្ធត្រង់ចំណុច នៃការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងពិបាកយល់, ចំណុចដែលមិនអាចអនុវត្តបាន និងចំណុចដែលខ្វះខាត (សម័យឌីជីថល) ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការអនុវត្ត។

អង្គមហាសន្និបាតបានគាំទ្រឱ្យមានការប្រើប្រាស់ទម្រង់រួមនៃដីកាសម្រេចរក្សាការពារ ដែលបង្កើត ដោយក្រុមការងារ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមសាលាជម្រះក្តី ដើម្បីធានាសង្គតិភាព ទាំងលើ ទម្រង់ដីកា ទាំងលើខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់ តាមប្រភេទនៃការចាត់ចែងរក្សាការពារ និងអាចយក ទៅអនុវត្តបានដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ អង្គមហាសន្និបាតបានគាំទ្រឱ្យមានយន្តការវិន័យនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ពង្រឹងការត្រួតពិនិត្យខាងវិន័យ ក្នុងករណីដែលមានការប្រើឆន្ទានុសិទ្ធិដោយ រំលោភបំពានរបស់ចៅក្រមក្នុងការសម្រេចចេញដីកាសម្រេចរក្សាការពារ សំដៅធានាការអនុវត្តច្បាប់ឱ្យបាន ត្រឹមត្រូវ និងលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើវិស័យយុត្តិធម៌។

ដើម្បីលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងជំនឿទុកចិត្តរបស់សាធារណជនលើការលក់ដោយបង្ខំនូវ អចលនវត្ថុតាមផ្លូវតុលាការ, អង្គមហាសន្និបាតបានសម្រេចរួមមាន៖ ទី១-អចលនវត្ថុដែលត្រូវលក់ដោយបង្ខំ តាមផ្លូវតុលាការ ត្រូវផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ ដោយប្រើប្រាស់នូវបណ្តាញទំនាក់ទំនង សង្គមនានា ជាអាទិ៍ Facebook ឬ Telegram ដែលគ្រប់គ្រងដោយក្រសួងយុត្តិធម៌។ ទី២-ការវាយតម្លៃ អចលនវត្ថុដែលត្រូវលក់ដោយបង្ខំ ត្រូវធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលទទួលស្គាល់ ដោយក្រសួងយុត្តិធម៌។ ក្នុងការអនុវត្តការងារនេះ, ក្រសួងយុត្តិធម៌ នឹងពិចារណារៀបចំកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដើម្បីធានាតម្លាភាព និងជំនឿ ទុកចិត្តក្នុងការកំណត់តម្លៃនៃអចលនវត្ថុដែលត្រូវលក់ដោយបង្ខំតាមផ្លូវតុលាការ ហើយក្រសួងយុត្តិធម៌ និង តុលាការកំពូល នឹងចេញសេចក្តីណែនាំរួម ពាក់ព័ន្ធនឹងការងារនេះទៅសាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងទី៣-ជាទិសដៅការងារបន្ត, នីតិវិធីនៃការលក់ដោយបង្ខំចំពោះអចលនវត្ថុ នឹង ត្រូវបានពិនិត្យកែសម្រួលឱ្យមានលក្ខណៈសាមញ្ញ ហើយការកែសម្រួលនេះនឹងត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌនៃការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីធានាភាពឆាប់រហ័ស និងប្រសិទ្ធភាពនៃការអនុវត្តការលក់ដោយបង្ខំនេះ។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាពនៃការជូនដំណឹង និងការបញ្ជូន សេចក្តីសម្រេចរបស់តុលាការ, អង្គមហាសន្និបាតបានសម្រេចដូចតទៅ៖ ទី១-ក្នុងអំឡុងពេលរង់ចាំច្បាប់ ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ត្រូវបានរៀបចំនិងអនុម័តឱ្យប្រើ, ក្រសួងយុត្តិធម៌នឹងរៀបចំឱ្យមានមន្ត្រីទទួលបន្ទុក ប្រតិបត្តិការបញ្ជូន ដែលទទួលប្រតិភូកម្មអំណាចពីអាជ្ញាសាលា ឬក្រឡាបញ្ជី ហើយមន្ត្រីនេះត្រូវស្ថិតក្រោម ការទទួលខុសត្រូវរួមរបស់ប្រធានសាលាជម្រះក្តី, ទី២-ក្រសួងយុត្តិធម៌ ត្រូវពង្រឹង និងលើកកម្ពស់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសការពិភាក្សារៀបចំយន្តការរួមមួយ ដើម្បី លើកកម្ពស់ប្រសិទ្ធភាពនៃក្នុងការអនុវត្តកិច្ចការបញ្ជូនឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវតាមការកំណត់ របស់ច្បាប់ជាធរមាន និងទី៣-ការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី នឹងត្រូវបញ្ចូលបន្ថែមនូវរបៀបនៃ ការបញ្ជូន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬប្រព័ន្ធទំនាក់ទំនងសង្គម ដែលធានាបាននូវប្រសិទ្ធភាព ភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកាលើកិច្ចការបញ្ជូននេះ។

ចំពោះកិច្ចការក្នុងវិស័យព្រហ្មទណ្ឌ អង្គមហាសន្និបាតវិស័យយុត្តិធម៌ បានសម្តែងនូវអំណរគុណ

ដល់ជំនួយនៃសហប្រតិបត្តិការរបស់សាធារណរដ្ឋបារាំង និងប្រជាជនបារាំង ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ

ក្នុងការកសាងក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានគតិយុត្ត និងគ្រឹះ

នៃច្បាប់ដ៏សំខាន់ សម្រាប់អ្នកអនុវត្តច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើស

ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងធានាបាននូវការការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់

ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។

អង្គមហាសន្និបាត បានពិនិត្យឃើញថាក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ មានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្ម ដោយហេតុថា (ទី១)- បទប្បញ្ញត្តិមួយចំនួន នៅមានភាពមិនទាន់ច្បាស់លាស់ ឬមិនទាន់រលូន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៅក្នុងការអនុវត្ត, (ទី២)-បទប្បញ្ញត្តិមួយចំនួន មិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពនៃសង្គមជាក់ស្តែង, (ទី៣)-មានភាពចាំបាច់ក្នុងការបន្ថែមនូវបទប្បញ្ញត្តិថ្មីៗមួយចំនួន ផ្អែកតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល និង (ទី៤)-ភាពចាំបាច់ក្នុងការពិនិត្យមើលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឡើងវិញ ប្រសិនបើចាំបាច់ ដើម្បីធានា ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា។

ក្នុងន័យនេះ អង្គមហាសន្និបាតបានពិនិត្យ និងឯកភាពចំពោះភាពចាំបាច់ក្នុងការពិនិត្យធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវការលំបាកនៅក្នុង ការអនុវត្ត, បំពេញបន្ថែមនូវចំណុចខ្វះខាត ដោយផ្អែកតាមការវិវត្តន៍នៃស្ថានភាពសង្គម និងសម័យបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងរឿងព្រហ្មទណ្ឌនៅកម្ពុជា។

ពាក់ព័ន្ធបញ្ហា ការជូនដំណឹងអំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងអំពីសេចក្តីសម្រេចតុលាការ) ត្រូវ បន្តអនុវត្តតាមមាតិកាទី៤ ចាប់ពីមាត្រា៤៨២ ដល់មាត្រា៤៩០។ ប៉ុន្តែដើម្បីដោះស្រាយចំពោះមុខ និងក្នុង អំឡុងពេលនៃការរង់ចាំការធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ, អង្គមហាសន្និបាតបានគាំទ្រដូចតទៅ៖ ទី១-គាំទ្រការជូនដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការព្រហ្មទណ្ឌអាចធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឬបណ្តាញទំនាក់ទំនងសង្គម ស្របតាមស្មារតីនៃមាត្រា៤៨៥ និងទី២-បន្ថែមពីការអនុវត្តនីតិវិធីនៃការឱ្យដំណឹងដែលមានអនុវត្តនាពេលកន្លងមក, ការអនុវត្តតាមមាត្រា៤៨៨ និងមាត្រា៤៩០ ក្នុងស្ថានភាពដែលភាគី ពាក់ព័ន្ធអវត្តមានពីលំនៅឋាន ឬពុំមានលំនៅឋាន និងទីសំណាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្ត បន្ថែមក្នុងការឱ្យដំណឹងតាមរយៈការផ្សព្វផ្សាយតាមសារព័ត៌មាន ឬតាមយន្តការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យយុត្តិធម៌។ ក្រសួងយុត្តិធម៌ និងតុលាការកំពូលនឹងចេញការណែនាំអនុវត្តអំពីការឱ្យដំណឹងនោះដើម្បី ធានាឯកភាពក្នុងការអនុវត្ត និងប្រសិទ្ធភាពនៃសេចក្តីសម្រេចរបស់តុលាការ។

អង្គមហាសន្និបាតបានសម្រេចឯកភាព ក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ទាក់ទងនឹង អនីតិជន ដែលមានទំនាស់នឹងច្បាប់ក្នុងរឿងព្រហ្មទណ្ឌ ទាំងក្នុងក្រមព្រហ្មទណ្ឌ ទាំងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ទាំងក្នុងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ប៉ុន្តែដើម្បីដោះស្រាយបញ្ហារឿងអនីតិជនទំនាស់នឹងច្បាប់ក្នុងរឿងព្រហ្មទណ្ឌ, អង្គមហាសន្និបាតគាំទ្រក្នុងការពង្រឹងការអនុវត្តវិធានការបង្វែរជាអាទិភាព តាមការកំណត់នៃច្បាប់ ដោយត្រូវ ពិចារណាថ្លឹងថ្លែងអំពីផលប្រយោជន៍របស់អនីតិជនទំនាស់នឹងច្បាប់ និងផលប្រយោជន៍នៃសន្តិសុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈ។

បន្ថែមពីនេះ អង្គមហាសន្និបាតបានគាំទ្រដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបណ្ដឹងខ និងបណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ, អង្គមហាសន្និបាតបានឯកភាព និងសម្រេចលើចំណុចសំខាន់ៗ ចំនួន ២ ចំណុច រួមមាន៖ ទី១-ការពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាក្នុងការធ្វើបណ្ដឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ និង ទី២-ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ និងប្តឹងសាទុក្ខនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីធានា នូវសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្នុងការទាមទារសំណងជំងឺចិត្តចំពោះ ព្យសនកម្មដែលខ្លួនបានទទួល ប៉ុន្តែបណ្ដឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខមានអានុភាពតែទៅលើផលប្រយោជន៍ ផ្នែករដ្ឋប្បវេណីប៉ុណ្ណោះ។

មហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួម ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើបញ្ហាប្រឈមសំខាន់ៗដែលជាប្រធានបទនៃកិច្ចពិភាក្សាក្នុង មហាសន្និបាត ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់តាមការរំពឹងទុក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print