សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើការលក់យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿងក្នុងតម្លៃជាង១៨ពាន់លានដុល្លារទៅឱ្យ អ៉ីស្រាអែល បើទោះជាលោក បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានភាពរកាំរកូសនឹងគ្នាជុំវិញការស្លាប់របស់ជនស៊ីវិលនៅក្នុងសង្រ្គាម ហ្កាហ្សាក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក៥នាក់ដែលបានដឹងពីផែនការលក់អាវុធខាងលើ បានឱ្យដឹងថា ការលក់យន្ដហោះចម្បាំង F-15 ផលិតដោយ ក្រុមហ៊ុន Boeing ចំនួន២៥គ្រឿង ទៅឱ្យអ៉ីស្រាអែលត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យចាប់តាំងពីសហរដ្ឋអាមេរិកទទួលបានសំណើផ្លូវការកាលពីខែមករា ឆ្នាំ២០២៣។ ពោលមុនសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង ហើយផែនការលក់យន្ដហោះចម្បាំង F-15 ក៏ត្រូវបានបង្កើនចំនួនដល់ ៥០គ្រឿងផងដែរ។
ប្រសិនបើមិនមានការជំទាស់ទេ ក្រសួងការបរទេសអាមេរិកនឹងបញ្ជូនសេចក្ដីជូនដំណឹងជាផ្លូវការទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវ ពិចារណាថា តើត្រូវអនុម័តការលក់យន្ដហោះចម្បាំង F-15 ឱ្យអ៉ីស្រាអែលដែរឬក៏យ៉ាងណា៕ ដោយធីរីណា
រូបថត: AP