ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រសាសន៍សំខាន់ៗ បន្ទាប់ពីតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ ចំនួន៦២លើ៦២សំឡេង ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។
-សម្តេចតេជោ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។
-សម្តេចតេជោ ថ្លែងថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះពេលនេះ
-សម្តេចតេជោ ថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។
-សម្ដេចតេជោ បញ្ជាក់ថា ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។
-សម្តេចតេជោ ប្រកាសសូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។
-សម្តេចតេជោ ថ្លែងរំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន
-សម្តេចតេជោ ថ្លែងរំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា
-សម្តេចតេជោ ប្រកាសជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា
-សម្តេចតេជោ ថ្លែងរំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។
-សម្តេចតេជោ ថ្លែងរំលឹកថា ៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា, អាយុ៣២ឆ្នាំក្លាយជានាយករដ្ឋមន្ត្រី អាយុ ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភា។
-សម្តេចតេជោ ថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។
-សម្តេចតេជោ ថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន។
-សម្តេចតេជោ ថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ ទៀតហើយ។
-សម្តេចតេជោ ថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ។
-សម្តេចតេជោ សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។
-សម្តេចតេជោ ថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត៕ដោយតារា