ខេត្តបាត់ដំបង÷ តាមប្រភពនៅទីតាំងកើតហេតុបានប្រាប់សមត្តកិច្ចជំនាញ
ផែ្នកចរាចរណ៍នៃអធិការដ្ឋានក្រុងបាត់ដំបងឱ្យដឹងថា÷ ករណីក្រុមក្មេងស្ទាវដេញវ៉ៃគ្នាបង្កអសន្តិសុខតាមដងផ្លូវនេះបានកើតឡើងនៅវេលាម៉ោងជាង១២:០០នាទីអធ្រាត្រថ្ងៃទី ០២ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងគ្រញូង ក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីមហាជននៅកន្លែងកើតហេតុបានប្រាប់សមត្តកិច្ចជំនាញបន្តថា÷ មុនដំបូងគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿងមានគ្នាចំនួន៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ២គ្រឿងគ្នា៤នាក់ ក្នុងនោះគេបានឃើញភាគីបង្កប្រដាប់ដោយខ្សែក្រវាត់និងកំណាត់ដំបងបានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា ហើយចុងក្រោយភាគីខាងជនរងគ្រោះជិះម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលប៉ះជាមួយនឹងចម្រឹងដេករបងបណ្តាលឱ្យរបួសដាច់រង្វះមាត់ ច្រមុះនិងផុងលលាដ៏ក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្សពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ៣គ្រឿងមានគ្នា៩នាក់ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ជាមួយគ្នាដែរ។
ប្រភពខាងលើបានប្រាប់សមត្ថកិច្ចបញ្ជាក់បន្តទៀតថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំពោះមុខ កម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេត៕ដោយ÷ស សារ៉េត