ភ្នំពេញ ៖ គណបក្សនយោបាយនានាផ្ញើសារអបអរសាទរ និងគាំទ្រសម្តេចតេជោ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា ៖ សារលិខិតអបអរសាទរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សម៉ូលីណាកា សូមគោរពសម្តែងនូវអំណរសាទរ និង គាំទ្រយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវ បានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
ការទទួលបានភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពយ៉ាងប្រត្យក្សរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាររគ្គមគ្គទេសក៍ដ៏ឆ្នើម ជាស្ថាបនិកសន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំកសាងសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ សម្តេចតេជោ គឺជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ បាន ដឹកនាំកសាងប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ បូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ មនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជា ឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។
ខ្ញុំបាទ មាស សុត្ថា និងសមាជិក សមាជិកានៃ គណបក្សម៉ូលីណាកា សូមលើកហត្ថបួងសួង វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវរអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពីខ្ញុំបាទ៕