ភ្នំពេញ ៖ បុរសម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា បានដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៦:០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវលំ ភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ(សព) មានឈ្មោះ ម៉ី កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា មានស្រុកកំណេីតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅទីតាំងកេីតហេតុខាងលេី ។
តាមប្រភពពីអ្នករស់នៅជិតខាងបានឱ្យដឹងថា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ គេឃេីញជនរងគ្រោះបានទិញស្រាថ្នាំចំនួន០២ដបយកចូលក្នុងបន្ទប់ដេីម្បីផឹក ខណៈជនរងគ្រោះជាមនុស្សឧស្សាហ៍ហូបស្រាជាប្រចាំផងដែរ ។ លុះព្រឹកឡេីងក៏មានក្រុមការងារជនរងគ្រោះមកហៅទៅធ្វេីការនិងបានរុញទ្វារបន្ទប់ជួលជនរងគ្រោះដែលមិនបានដាក់គន្លឹះ ស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់នៅលេីឥដ្ឋ ទេីបមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងម្ចាស់ផ្ទះរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ។
បេីតាមការសន្និដ្ឋានវាយតម្លៃ នៃការពិនិត្យវិភាគជុំវិញកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺ ជនរងគ្រោះស្លាប់ដោយ(គាំងបេះដូង) អាចមកពីជំងឺបេះដូង និងញៀនស្រាជាប្រចាំ ។
បច្ចុប្បន្ននេះ សពជនរងគ្រោះខាងលេី ត្រូវបានអាជ្ញាធរជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ