សារព័ត៌មានយ៉ុនហាប់ ថ្ងៃទី ៤ ខែមេសា បានដកស្រង់ប្រភពពីទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតកូរ៉េខាងត្បូងដែលបាននិយាយថា ការបោះឆ្នោតមុនកាលកំណត់សម្រាប់ការបោះឆ្នោតទូទៅនឹងចាប់ផ្តើមនៅថ្ងៃស្អែក (៥ មេសា) ហើយមានរយៈពេលពីរថ្ងៃ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង អ្នកដែលមានសិទ្ធិបោះឆ្នោតនឹងបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន 3,565 នៅទូទាំងប្រទេសចាប់ពីម៉ោង 6:00 ព្រឹកដល់ម៉ោង 6:00 ល្ងាច។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួននឹងរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាអ្នកបោះឆ្នោតអាចជឿជាក់លើភាពយុត្តិធម៌នៃដំណើរការ ជាពិសេសបន្ទាប់ពីការរកឃើញថ្មីៗនេះ នូវកាមេរ៉ាលាក់បង្កប់ដោយ Youtuber នៅស្ថានីយបោះឆ្នោតប្រមាណ ៤០ នៅទូទាំងប្រទេស។
ក្រុមឃ្លាំមើលបាននិយាយថា “ជាមួយនឹងវិធានការបន្ថែម ដូចជាការបង្កើនតម្លាភាព តាមរយៈកាមេរ៉ាឃ្លាំមើល យើងសង្ឃឹមថាអ្នកបោះឆ្នោតអាចចូលរួមក្នុងការបោះឆ្នោតមុនកាលកំណត់ដោយមិនមានការព្រួយបារម្ភអ្វីឡើយ”។
គណបក្សគូប្រជែងទាំងពីរបានលើកទឹកចិត្តអ្នកមានសិទ្ធិបោះឆ្នោតឱ្យបោះឆ្នោតមុនកំណត់ ដោយទទួលស្គាល់ឥទ្ធិពលសក្តានុពលនៃការបោះឆ្នោតមុនក្នុងការកំណត់លទ្ធផលបោះឆ្នោតចុងក្រោយ។
យោងតាមការស្ទង់មតិដែលធ្វើឡើងរួមគ្នាដោយ Yonhap និង Yonhap News TV នៅដើមសប្តាហ៍នេះ 80% នៃអ្នកឆ្លើយតបបានបង្ហាញពីចេតនារបស់ពួកគេក្នុងការបោះឆ្នោត។
ក្នុងចំណោមអ្នកដែលមានបំណងទៅបោះឆ្នោត ៣៩% មានគម្រោងទៅការិយាល័យបោះឆ្នោតមុនកាលកំណត់ ខណៈ ៥៨% មានគម្រោងទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ១០ មេសា៕ ដោយធីរីណា
រូបថត: YONHAP NEWS