កាលពីថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះកំពុងរៀបចំសម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹក បន្ទាប់ពីប្រទេសនេះត្រូវបានចោទប្រកាន់ពីបទ វាយប្រហារលើស្ថានទូតអុីរ៉ង់ និងសម្លាប់ឧត្តមសេនីយ៍អុីរ៉ង់នៅទីក្រុង Damascus ក្នុងសប្តាហ៍នេះ។
ប្រមុខដឹកនាំអុីរ៉ង់បានបញ្ជាក់ថា ត្រូវតែសងសឹកប្រឆាំងអ៉ីស្រាអែលដោយផ្ទាល់ ប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកឱ្យធ្វើដូច្នេះ។ សេចក្ដីរាយការណ៍ពីការទប់ស្កាត់ការប៉ុនប៉ងរបស់អ៉ីរ៉ង់ ដើម្បីវាយប្រហារលើស្ថានទូតអ៉ីស្រាអែល ឬជនជាតិអ៉ីស្រាអែលនៅបរទេស អាចបញ្ជាក់បានថា មិនមែនអ៉ីរ៉ង់មិនព្យាយាមវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងផលប្រយោជន៍អ៉ីស្រាអែលឡើយ។ តួយ៉ាង កងកម្លាំងគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ ក៏បានចាប់ផ្ដើមវាយប្រហារលើអ៉ីស្រាអែលដែរ ជាមួយការវាយប្រហារ ដោយដ្រូនលើមូលដ្ឋានទ័ពជើងទឹកអ៉ីស្រាអែល ក្នុងទីក្រុង Eilat មុនការវាយប្រហារចុងក្រោយបំផុតរបស់អ៉ីស្រាអែលក្នុងរដ្ឋធានីដាម៉ាស។
ចំណែកក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនវិញ បានបាញ់មីស៊ីលលើភាគខាងត្បូងអ៉ីស្រាអែលផងដែរ។ អ៉ីស្រាអែលអាចមើលឃើញថាគ្រោះថ្នាក់នេះអាចគ្រប់គ្រងបាន តែការគំរាមកំហែងមិនមែនមានតែលើអ៉ីស្រាអែលទេ ពោលគឺផលប្រយោជន៍និងកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាក៏អាចរងការបំផ្លិចបំផ្លាញដែរ។ នៅមុនសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង ឱ្យតែមាន ការវាយប្រហាររបស់អ៉ីស្រាអែលលើមូលដ្ឋាន ឬកងកម្លាំងអ៉ីរ៉ង់នៅស៊ីរី អ៉ីរ៉ង់តែងតែជ្រើសរើសសងសឹកតាមរយៈការបញ្ជាឱ្យ Proxy របស់ខ្លួននៅអ៉ីរ៉ាក់ និងស៊ីរីវាយប្រហារលើកងទ័ពអាមេរិក។ ជាឧទាហរណ៍៖ កាលពីឆ្នាំ២០២១ ក្រុម Proxy របស់អ៉ីរ៉ង់បានបើកការវាយប្រហារច្រើនជាង៨០លើកលើកងកម្លាំងអាមេរិក រហូតដល់មានការសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនៅពាក់កណា្ដលឆ្នាំ២០២៣។
តែនៅក្រោយសង្រ្គាមហ្កាហ្សាផ្ទុះឡើង ការវាយប្រហារលើកងទ័ពអាមេរិកបានចាប់ផ្ដើមឡើងវិញ និងកាន់តែខ្លាំងក្លាជាងមុនទៀតផង។ កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុម Proxy មួយរបស់អ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ បានបើកការវាយប្រហារដោយប្រើដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានបើក ការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ប្រឆំាងក្រុម Proxy អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ក្រុម Proxy អ៉ីរ៉ង់បានបញ្ឈប់ការវាយប្រហារ លើកងទ័ពអាមេរិកនៅក្នុងតំបន់។
ប៉ុន្តែ ការវាយប្រហាររបស់អ៉ីស្រាអែលលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី អាចនឹងធ្វើឱ្យការវាយប្រហារលើកងទ័ពអាមេរិកក្នុងតំបន់ចាប់ផ្ដើមឡើងវិញ។ ជាក់ស្ដែង ប៉ុន្មានម៉ោងក្រោយការវាយប្រហាររបស់អ៉ីស្រាអែល កងទ័ពអាមេរិកឈរជើងនៅស៊ីរី បានបាញ់ទម្លាក់ដ្រូនប្រយុទ្ធមួយគ្រឿងដែលហោះនៅក្បែរមូលដ្ឋានរបស់ពួកគេ៕ ដោយធីរីណា
រូបថត: TTXVN