ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានណែនាំយុវជនដែលដើរតាមនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ នឹងគ្មានអនាគតទេ ជាពិសេសគ្មានឱកាសធ្វើសកម្មភាពនយោបាយក្នុងកម្ពុជាឡើយ។ ការធ្វើនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គឺមានមហិច្ឆតាដើម្បីឈ្នះឆ្នោត ដើម្បីកាន់អំណាចដឹកនាំប្រទេសឡើយ។ ការចង់ដឹកនាំប្រទេសគណបក្សណាក៏ដូចគណបក្សណាដែរ តែលុះត្រាឈ្នះឆ្នោតជាមុនសិន។
លោកបន្តថា ៖ គណបក្សនយោបាយដែលបានបង្កើតហើយសុទ្ធតែចង់កាន់អំណាច តែបើចាញ់ឆ្នោតហើយមិនអាចបានកាន់អំណាចទេ។ ការបោះឆ្នោតជាកញ្ចប់ គឺជាវិធីទប់ទល់ឧបាយកលនយោបាយទុច្ចរិត បើគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្របេក្ខភាពប្រធានរដ្ឋសភា បន្ទាប់មកត្រូវរដ្ឋសភាផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល។ ដើម្បីជៀសវាងមានល្បិចនយោបាយមិនផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលទើបចាំបាច់មាននីតិវិធីបោះឆ្នោតជាកញ្ចប់នឹងឯ។ បើការផ្តាស់ប្តូរនីតិវិធីបោះឆ្នោតដើម្បីឲ្យត្រឹមត្រូវតាមច្បាប់ លុះត្រាតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុនសិន។ រាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចប្រព្រឹត្តទៅបាន លើកលែងប៉ះពាល់ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ការអនុវត្តស្របតាមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួច គឺត្រឹមត្រូវតាមច្បាប់ មិនអាចនិយាយផ្សេងបានទេ។
រឿងមួយវិញទៀត គ្រាន់តែសម្តេចតេជោ ហ៊ុន សែន ថា យមរាជមិនមកយកសម្តេចឆាប់ៗទេ ធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមានប្រតិកម្មជាខ្លាំងព្រោះវាខ្លាចយមរាជមកយកពួកវា។ សម្តេចតេជោ ហ៊ុន សែន មានគុណសម្បត្តិជាច្រើនជូនជាតិនិងប្រជាជនខ្មែរ យមរាជមិនមកយកសម្តេចទេ ព្រោះទុកឲ្យសម្តេចនៅកម្ចាត់ពួកក្បត់ឲ្យអស់ពីផែនដីសិន។ សម្តេចតេជោ ហ៊ុន សែន ជាអង្គអវតាសម្រាប់កម្ចាត់ពួកប្រឆាំងជ្រុលនិយម និងពួកអាសូរ្យកាយ ពពួកយក្សកម្ភន្ត ការពារសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជន ៕