ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត នូវការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ព្រមទាំងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដោយឆ្លើយតបទាន់ពេលវេលាទៅនឹងសំណូមពរ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតីលើកឡើងថា៖«ត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិ និងការជ្រើសរើស គ្រប់គ្រងមន្រ្តីបច្ចេកទេស និងមន្ត្រីជំនាញដែលធានាឱ្យបាន ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»។ ក្នុងឱកាសនោះ សម្តេចបានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួងស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ព្រមតាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អ និងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធិភាព។
សម្តេចធិបតីបញ្ជាក់ទៀតថា ៖ ត្រូវរៀបចំការប្រលងប្រជែងជ្រើសរើសមន្រ្តីរាជការដែលរាជរដ្ឋាភិបាលផ្តល់គោលកាតណ៍អនុញ្ញាតផ្អែកលើនិយាម និតិវិធីប្រតិបត្តិសម្រាប់ការប្រលងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងស្ថាប័នដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ«ជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត»៕