ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី បានថ្លែងបន្តថា ៖ ក្រសួងមុខងារសាធារណៈត្រូវយកចិត្តទុកដាក់លើប្រព័ន្ធកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ វិស័យសុខាភិបាលជាដើម។ នៅក្នុងអាណត្តិទី៧ នេះ រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈត្រូវដើរតួនាទីគន្លឹះនៅក្នុងកិច្ចការងារដែលត្រូវធ្វើជាចាំបាច់ ដើម្បីឱ្យប្រព័ន្ធកែទម្រង់មានប្រសិទ្ធខ្ពស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងភិបាលកិច្ច តាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានគឺសេវាសាធារណៈមួយដែលរឹងមាំ ក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះគឺបាន ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ៕