ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៥ខែមេសាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ៖ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន ០១គ្រឿង ឈ្មោះHTMS BANGPAKONG (FFG-456) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ វត្តមានភាគីថៃ តាមនាវាចម្បាំង ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពល្អ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងទឹកភូមិន្ទ និងកម្ពុជាភាគីរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ថៃ ។
មន្ត្រីជំនាញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ៖ លក្ខណៈបច្ចេកទេសនាវា៖
-នាវាឈ្មោះ HTMS BANGPAKONG (FFG-456) មានបណ្ដោយ ១០២.៨៧ ម៉ែត្រទទឹង ១១.៣៦ម៉ែត្រ
-ជម្រៅទឹក ៤.២០ម៉ែត្រ-ទម្ងន់ផ្ទុក ២,០៧២តោន
-មានចំនួននាវិក ២៦៣ នាក់
ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីឯក SIRAPOP THANANUNTACHOD
ប្រធានប្រតិភូ វរនាវីឯក ASOKE SRISAWAT នាយរងសេនាធិការ កងទ័ពជើងទឹក ភូមិភាគ១។
ក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូបានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តជាមួយមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ
សូមជម្រាបថា ៖ នាវេលាម៉ោង ៧:០០ នាទីព្រឹក ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ក៏មាននាវាទេសចរណ៍ ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,៥០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦២ នាក់ (ស្រី ៨៣ នាក់) មាន ៣៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤៦០ នាក់ (ស្រី ២៤៨ នាក់) មាន ១៦ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤០ នាក់) និងជនជាតិអង់គ្លេស (៥២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទីល្ងាច នៅថ្ងៃដដែល ៕