ក្រុមហង្សក្រហម Liverpool បានបាត់បង់ ឱកាស ដើម្បី វិល ទៅ កាន់ កំពូល តារាង Premier League ខណៈ ដែលការប្រកួតនៅទឹកដី Old Trafford ជាមួយ Manchester United ទទួលបានលទ្ធផលត្រឹមស្មើគ្នា២ទល់២ប៉ុណ្ណោះ។
អ្នកចាត់ការទូទៅលោក Jurgen Klopp និងកីឡាកររបស់គាត់បានបរាជ័យក្នុងការសងសឹកកាលពីការចាញ់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រFA Cup នៅទីនេះកាលពីខែមុន ខណៈដែលពួកគេមានឱកាសជាច្រើនដើម្បីយកឈ្នះក្រុមម្ចាស់ផ្ទះ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ។
Liverpool រកបានគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះមុនដោយកីឡាករ Luis Diaz ដើម្បី បង្ហាញ ពី ភាព អស្ចារ្យ ក្នុង តង់ ទី១ ដែលកីឡាកររូបនេះបាន ស៊ុត បញ្ចូល នៅនាទីទី២៣។ ក្រុមបិសាចក្រហម Man United ក៏មានការសម្រុកវិញដែរនៅតង់ទី២រហូតដល់មានការធ្លាយសំណាញ់ទី២គ្រាប់ផ្ទួន ដែលគ្រាប់ទី១រកបានដោយខ្សែបម្រើ Bruno Fernandes នៅនាទីទី៥០ ដែលបានស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Caoimhin Kelleher។
បន្ទាប់មក Kobbie Mainoo បាននាំក្រុមបិសាចក្រហមរកបានគ្រាប់បាល់ទី២ នាំមុខនៅនាទីទី៦៧ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អសម្រាប់គ្រាប់បាល់ដំបូងរបស់កីឡាករវ័យក្មេងរូបនេះ។ ប៉ុន្តែ Liverpool បានសង្គ្រោះលទ្ធផលស្មើវិញ នៅពេលដែលMohamed Salah ស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពី Aaron Wan-Bissaka មានការប៉ះគ្នាជាមួយ Harvey Elliott នៅតំបន់គ្រោះថ្នាក់។
ពេលនេះ Liverpool ឈរនៅលេខរៀងទី២តាមពីក្រោយក្រុមកំពូលតារាង Arsenal ដែលមាន៧១ពិន្ទុដូចគ្នា ប៉ុន្តែ Liverpool ចាញ់គ្រាប់បាល់ Arsenal ខណៈដែលក្រុមមេឃខៀវ Manchester City មាន៧០ពិន្ទុតាមពីក្រោយឈរនៅលេខ៣ ។
ក្រុមហង្សក្រហម Liverpool ទទួលបានមួយពិន្ទុនេះជារឿងមួយមិនសូវគាប់ប្រសើរ ប៉ុន្តែហង្សក្រហមនឹងមានការខកចិត្តយ៉ាងខ្លាំងដែលក្រុមត្រូវព្យាយាមឈ្នះការប្រកួតបន្តបន្ទាប់ដើម្បីដណ្តើមពានរង្វាន់ជាមួយ Arsenal និង Man City នៅរដូវកាលនេះ ៕(រូបភាព ៖ BBC Sport)