ក្រុមមាន់ខ្នាយមាស Tottenham បានត្រលប់មកចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) នៅ Premier League ជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ដោយយកឈ្នះលើក្រុមភ្ញៀវ Nottingham Forest ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
ក្រុមម្ចាស់ផ្ទះ Spurs បើកការស៊ុតបញ្ចូលទីក្នុងតង់ទី១រយៈពេល១៥នាទីនៅពេលដែលខ្សែការពាររបស់ Nottingham Forest កីឡាករ Murillo បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងបន្ទាប់ពីការបញ្ជូនបាល់របស់ Timo Werner ព្យាយាមស៊ុតចំគោលដៅ។
ក្រុមភ្ញៀវ Nottingham Forest បានតាមស្មើវិញនៅនាទីទី២៧ តាមរយៈការស៊ុតរបស់កីឡាករ Chris Wood ដែលបានបញ្ចប់ការបញ្ជូនបាល់របស់ Anthony Elanga រហូតដល់លទ្ធផលស្មើគ្នា១ទល់១នេះបានចប់នៅក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែការពារកណ្តាល Micky van de Ven បានស្តារមុខមាត់ឲ្យ Tottenham ដោយរកបាន១គ្រាប់នាំមុខវិញនៅនាទីទី៥២ជាមួយនឹងការស៊ុតបាល់យ៉ាងល្អពីតំបន់ស្លាប។ រយៈពេល៦នាទីក្រោយមកគឺនៅនាទីទី៥៨ Pedro Porro រកបាន១គ្រាប់ទៀតជាគ្រាប់ទី៣សម្រាប់ Spurs ពីការបញ្ជូនបាល់យ៉ាងល្អរបស់ James Maddison។
ជ័យជំនះមានន័យថា Tottenham បានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៤ លើក្រុម Aston Villa ដោយសារគ្រាប់បាល់ចំណេញច្រើនជាង ដែលក្រុមទាំង២មាន៦០ពិន្ទុស្មើគ្នា។ ចំណែកក្រុម Nottingham Forest បន្ទាប់ពីបរាជ័យបានឈរនៅលេខរៀងទី១៧លើតំបន់កាត់ចោល ប៉ុន្តែស្មើពិន្ទុជាមួយក្រុមលេខ១៨ Luton ឈ្នះតែចំនួនគ្រាប់បាល់ចំណេញប៉ុណ្ណោះ។
ការប្រកួតបន្ទាប់ក្រុមមាន់ខ្នាយមាស Tottenham ត្រូវប៉ះក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United នៅថ្ងៃទី១៣ មេសាខណៈដែលក្រុម Nottingham Forest ត្រូវប៉ះ volves នៅថ្ងៃទី១៣ មេសាខាងមុខដូចគ្នា សម្រាប់ការប្រកួតនៅ Premier League សប្តាហទី៣៣ ៕ (រូបភាព ៖ BBC Sport)