ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងបែបនេះក្នុងឱកាសដែលលោក និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានអញ្ជេីញចូលរូមក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន៦៩អង្គ និងសំណេះសំណាលជាមួយមនុស្សចាស់មកពី ៩ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យចំនួន៣១០នាក់ នៅសាលប្រជុំថ្មី ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងជូនពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយើងទាំងអស់គ្នាសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា” ហើយគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មាន ការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ។
ជាមួយគ្នានោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយជូនមនុស្សវ័យចាស់ រួមមាន៖ ថវិកា កំសៀវដាំទឹកអគ្គិសនី ក្រម៉ា សារ៉ុង មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ ស្កសរ កៅអៀក អំបិលអ៉ីយ៉ូត ប្រេងខ្យល់ ប្រេងឆា និងទឹកក្រូចផងដែរ៕ដោយ៖តារា