ភ្នំពេញ ៖ សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យា និងជំនួយការទាំងអស់ នៃក្រសួងព័ត៌មាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ!
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយ សូមជូនពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យា និងជំនួយការ ទាំងអស់ នៃក្រសួងព័ត៌មាន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មាន សុភមង្គល និងវិបុលសុខគ្រប់ប្រការ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក ប្រកបដោយមនសិការ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេច បាននូវសមិទ្ធផលជាច្រើនជូនដល់អង្គភាពរបស់ខ្លួន ក៏ដូចជាក្រសួងព័ត៌មានទាំងមូល។ ជាពិសេសបានរួម ចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញនូវការអនុវត្តកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធី កំណែទម្រង់នានារបស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី សូមមេត្តាតាម ជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ កម្ពុជាយើង។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះពីខ្ញុំ ៕