ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤លោក សាន វណ្ណទី រដ្ឋលេខាប្រចាំការនៃក្រសួងបរិស្ថាន និងជាតំណាងលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីកម្មវិធីស្តារ-អាងទន្លេសាប ក្នុងគោលបំណងសំអាតបឹងទន្លេសាប កុំឱ្យមានការបំពុលដោយសំណល់ប្លាស្ទិក ដើម្បីការពារ និងអភិរក្សជីវៈចម្រុះ និងរក្សាបាននូវធនធានត្រី ដែលជាប្រភពផ្តល់ប្រូតេអ៊ីនដ៏សំខាន់របស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ កិច្ចប្រជុំបានលើកឡើងនូវគោលបំណង ៤សំខាន់ នៃទស្សនទានស្តីពី កម្មវិធីស្តារអាងទន្លេសាបដែលរួមមាន ទី១. ពង្រឹងមុខងាររបស់អាងទន្លេសាប តាមរយៈការកាត់បន្ថយការបង្ហូរសំណល់ចូល និងការបំពុលប្លាស្ទីកនៅក្នុងបឹងទន្លេសាប និងតាមតំបន់ដី សើម និងតំបន់ដែលងាយរងគ្រោះដោយអេកូឡូស៊ីច្រើនយ៉ាងឱ្យបាននៅឆ្នាំ២០៥០។
ទី២. ការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងមានជីវិតឡើងវិញ កាត់បន្ថយប្រភេទរុក្ខជាតិក្នុងទឹកដែលរាតត្បាតនៅក្នុងបឹងទន្លេសាប និងតាមតំបន់ដីសើមប្រើប្រាស់ច្រើន យ៉ាង។ ទី៣. ការធ្វើពិពិធកម្មជីវភាពក្នុងតំបន់ និងការងារអេកូទេសចរណ៍បន្ថែមពីមុខរបរនេសាទត្រី ឬការនេសាទដោយចីរភាព និងទី៤. ការដាំស្តារដើមឈើឡើងវិញនៅតាមតំបន់មួយចំនួនដែលបានរេចរឹលដោយការកាប់បំផ្លាញ និងវិធានការអភិរក្ស ដែលបានកំណត់ក្នុងការការពារព្រៃឈើ និងតំបន់ទំនាបលិចទឹក៕