ភ្នំពេញ ៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។ នេះបើតាមការឱ្យដឹងពីអង្គការ Fauna & Flora – Cambodia Programme ដែលផេកក្រសួងព័ត៌មាន បានបង្ហោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។
ការសិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា និង សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ២៣ ៧៥០ហិកតា និងតំបន់រ៉ាមសារកោះកាពិ ១២ ០០០ហិកតា ។ ការរកឃើញនេះ ផ្តល់ជាចំណេះដឹងមូលដ្ឋាន អំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត ។
ក្នុងស្រាវជ្រាវនេះ ក៏បានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជា សត្វស្វាកន្ទុយវែង ជាប្រភេទជិតផុតពូជ, សំពោចធំ, សត្វភេរោមច្រមុះ, ភេខ្មៅ, និង ខ្លាត្រី ជាប្រភេទងាយរងគ្រោះផងដែរ៕