រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ខេត្តកោះកុង មានទេសចរជាង ២ ម៉ឺននាក់មកលេងកម្សាន្ត

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្ត​កោះកុង បាន​ទទួល​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ចំនួន​ជាង ២ ម៉ឺន​នាក់។

បេីតាមការ​បញ្ជាក់ពី​ប្រធាន​ការិយាល័យ​ព័ត៌មាន​ផ្សព្វផ្សាយ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក សាគុណ ភក្តី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​២០២៤នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចំនួន ២០,១៤១ នាក់ ដែល​បាន​មក​ស្នាក់នៅ​កម្សាន្ត គឺ​មាន​ភ្ញៀវ​ជាតិ​ចំនួន ១៩,៣២០ នាក់ កើន​ឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។ រីឯ​ភ្ញៀវ​បរទេស​ចំនួន ៨២១ នាក់ កើន​ឡើង ៣៨៣ នាក់ ស្មើនឹង ១៥២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។ បើ​គិត​ចាប់ពី​ថ្ងៃ​ទី ១៣ ដល់ ១៦ ខែ​មេសា ឆ្នាំ ២០២៤។

លោកប្រធានមន្ទីរូបនេះ​ បានបន្តថា​ ចំពោះ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូលរួម​លេង​កម្សាន្ត នៅ​តាម​ទីតាំង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី រយៈពេល ៤ ថ្ងៃ តាម​បណ្ដា​ក្រុង​ស្រុក មាន​ចំនួន​ប្រមាណ ៤០៥,២០០ នាក់។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង ក៏​ព្រោះតែ​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី និង​ពិធី​ស្រង់​ទឹក​ព្រះពុទ្ធ​រូប ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ ព្រមទាំង​រៀបចំ​ទីតាំង(តំបន់​ត្រជាក់) រយៈពេល ៤ ថ្ងៃ។ អាកាសធាតុ​អំណោយផល​ល្អ មាន​តំបន់​ទេសចរណ៍​ថ្មីៗ ច្រើន។ សម្រាប់​បរិស្ថាន សណ្ដាប់ធ្នាប់ អនាម័យ​នៅ​តាម​រមណីយដ្ឋាន​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ស្ថាប័ន​ពាក់ព័ន្ធ និង​ការ​ចូលរួម​របស់​ភ្ញៀវ​ទេសចរ និង​ប្រជាជន ធ្វើ​ឱ្យ​តំបន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​មាន​សោភ័ណភាព​ល្អ។

តម្លៃ​សេវា​ដឹក​អ្នកដំណើរ ទំនិញ ម្ហូបអាហារ និង​សេវា​ផ្គត់ផ្គង់​នៅ​តាម​រមណីយដ្ឋាន ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំនេះ មាន​សេវា​ដឹក​អ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​មួយ​ចំនួន បាន​ឡើង​ថ្លៃ ដោយ​មាន​ការ​យល់ព្រម​ពី​ភ្ញៀវ​ទេសចរ។

...

ដោយឡែក​លោក​ឧត្ដមសេនីយ៍​ត្រី សរ សារ៉ាត់ ស្នងការ​រង​នគរបាល​ខេត្ត​កោះកុង ក៏បានបង្ហាញ​ពីបញ្ហា​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ដោយកងកម្លាំង​សមត្ថកិច្ច បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​វេន​ប្រចាំការ​តាម​គោលដៅ​ទេសចរណ៍ និង​តាម​ដង​ផ្លូវ​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​ និងប្រកបដោយ​សុខសុវត្ថិភាព​ផងដែរ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print