សំណុំរឿងក្រុមហ៊ុនប្រ៊ីលានរបស់ឡេង ចាន់ណា សាលាដំបូងខេត្តសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន​១៨៣​​ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទចំនួន​ ៥​រូបរួមមានទាំង ឡេង ចាន់ណា

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងក្រុមហ៊ុនប្រ៊ីលានរបស់ឡេង ចាន់ណា សាលាដំបូងខេត្តសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន​១៨៣​​ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទចំនួន​ ៥​រូបរួមមានទាំង ឡេង ចាន់ណា, កំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាទាំងសវតាជាតិនិងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាប

ស្តីពី វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វេីលដ៍ ឯ.ក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និង បណ្តាញសារព័ត៌មានមេត្តាជ្រាបថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖

១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។ ២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

៣. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាប បាននិង កំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វេីលដ៍ ឯ.ក របស់ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

សូមបញ្ជាក់ជូនបន្ថែមថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់។

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាសហការគ្រប់ជ្រុងជ្រោយ ដោយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យសាលាដំបូងខេត្តសៀមរាប បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធភាព និងផ្តល់យុត្តិធម៌ជូនភាគីដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print