កណ្តាល៖ កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅជាំង៦០នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានកម្មការិនីបម្រើការងារនៅក្នុងទីតាំងរោងចក្រខាងលើនេះដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៨៨នាក់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រោងចក្រខាងលើនេះមានកម្មករ-កម្មការិនីបម្រើការងារសរុបចំនួន១,១០០នាក់ ។ នៅមុនពេលកើតហេតុកម្មករ-កម្មការិនីមួយចំនួនធំបាននាំគ្នាចូលទៅធ្វើការងារតាមកន្លែងរៀងៗខ្លួន រីឯកម្មការិនីចំនួន៨៨នាក់ដែលដួលសន្លប់កាលពីថ្ងៃទី១៨ កន្លងទៅត្រូវបានខាងតំណាងរោងចក្រអញ្ជើញតាអាចារ្យមកស្រោចទឹករំដោះគ្រោះ ខណៈកំពុងស្រោចទឹកកម្មការិនីទាំងនោះបានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៥២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ។
ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការិនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការិនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ៕
ដោយ៖ ស្អាងជ័យ