ភ្នំពេញ៖ កីឡាករ៤នាក់បន្ថែមទៀតហើយដែលត្រូវឡើងមកប្រកួតប្រជែងក្នុងសប្តាហ៍ទី៤ដំណាក់កាលទី១នៃការប្រកួតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមដើម្បីដណ្តើមតំណែងម្ចាស់កៅអីវគ្គទី២នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFY ARENA នាល្ងាចថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះដែលតម្រូវលើ កីឡាករ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ត្រូវជួបប្រកួតជាមួយកីឡាករ សេក មេសា មកពីក្លិបអង្គរមានជ័យខេត្ត សៀមរាប ខណៈដែលកីឡាករ ពេជ្រ ប៊ុន ឆេន មកពីសមាគមកីឡាក្រសួងការពារ ជាតិត្រូវប្រកួតជាមួយកីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក។
ជំនួបប្រកួតរបស់កីឡាករទាំង៤នាក់ខាងលើអាចនិយាយបានថាជាគូប្រកួតដ៏ស្វិតស្វាញ ពីព្រោះពួកគេត្រូវការ៣ពិន្ទុ សម្រាប់ឡើងទៅរង់ចាំនៅវគ្គទី២បន្ត។ ពួក គេទាំង២នាក់មិនធ្លាប់ជួបប្រកួតគ្នានោះទេ ដោយមូលហេតុ រិទ្ធ ប្រាក់ប៊ិន ជាអ្នកលេង កណ្តាប់ដៃជើងចាស់ រីឯសេក មេសា ជា សិស្សប្អូន ។ ដោយឡែកការជួបប្រកួតគ្នា រវាងកីឡាករពេជ្រ ប៊ុនឆេន នឹង ម៉ន វ៉ាន្នីក៏ពួកគេមិនធ្លាប់បានប៉ះគ្នាដែរ។ ពេជ្រ ប៊ុនឆេន មានកលល្បិចនិងមានស្នៀតវាយចេញល្អជាង ម៉ន វ៉ាន្នី ។
ប៉ុន្តែទោះបីយ៉ាងណាទាំងពេជ្រ ប៊ុនឆេន និង ម៉ន វ៉ាន្នីសុទ្ធតែមានការត្រៀមទុករួចជាស្រេចគឺចាញ់ឈ្នះអាស្រ័យលើកណ្តាប់ដៃនរណាខ្លាំងនិងលឿនជាង ប៉ុណ្ណោះបើធ្វេសប្រហែសឬមើលស្រាល នោះទាំងម៉ន វ៉ាន្នី និងពេជ្រ ប៊ុនឆេនអាច នឹងបាត់បង់ឱកាសឡើងទៅប្រកួតវគ្គ១៦នាក់ ដូច្នេះរង់ចាំមើល រវាង ពេជ្រ ប៊ុនឆេន នឹង ម៉ន វ៉ាន្នី តើនរណាជាអ្នកដើរចេញពី កម្មវិធីនេះ?
គួរបញ្ជាក់ថា ក្នុងការប្រកួតចម្រាញ់៣លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន៦រូបហើយ គឺឆន ចន្នី ក្លិប រស្មីភូមិគាបខេត្តបន្ទាយមានជ័យ, យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ, ស្រៀង ទិតធិ ក្លិបសម្បត្តិគុនខ្មែរ, ផាត់ សូដា ក្លិបអេភូ ថងកីឡា, ហេង ពន្លឺ ក្លិបពន្លឺសាមគ្គីខេត្ត បាត់ដំបង និងឈុន បញ្ញា ក្លិបរ៉ាហាប់ស្វាយ ប៉ាក ។
សម្រាប់កម្មវិធីប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាមនេះមានអ្នកប្រដាល់ ៣២នាក់ចែកជា៤ដំណាក់កាលតាមរូប មន្តប្រកួត គឺដំណាក់កាលទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ទុកតែ១៦ នាក់។ ដំណាក់កាលទី២ជាការប្រកួតជម្រុះក្នុងចំណោម១៦នាក់ទុក៨នាក់ហើយ ដំណាក់កាលទី៣គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ និងទី៥ជាការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ៕
ដោយ៖ សារីម